ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹត្របណ្ឌិត បានចាក់វ៉ាក់សាំងដូសទី ៤ រួចរាល់ហើយ
នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នេះ តាមរយៈផេកផ្លូវការ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីសកម្មភាពចាក់វ៉ាក់សាំងដូសទី ៤ ឬ ដូសជំរុញ របស់សម្ដេច និង ភរិយា ដែលប្រព្រឹត្តទៅ នៅគេហដ្ឋានរបស់សម្ដេចផ្ទាល់តែម្ដង។
ក្នុងនោះ សម្ដេចបានបង្ហោះសារឱ្យបានដឹងថា ៖ « ពីរនាក់បានហើយ! ថ្ងៃនេះខ្ញុំនិងភរិយា ចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ.១៩។ គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំង គួបផ្សំជាមួយវិធានការសុខាភិបាល ៣ ការពារនិង ៣ កុំនោះទេ។ ខ្ញុំមានកម្លាំងការពារយ៉ាងរឹងមាំ នៅគ្រប់ទីកន្លែង តែពួកគាត់មិនអាចការពារខ្ញុំមិនឱ្យឆ្លងកូវីដ-១៩ បានឡើយ។ ប្រពន្ធនិងកូនៗព្រមទាំងចៅៗរបស់ខ្ញុំ ក៍មិនអាចការពារខ្ញុំបានដែរ។ និយាយរួម គ្មានអ្នកណាអាចការពារខ្ញុំបានឡើយ គឺមានតែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះ ទើបអាចការពារខ្លួនខ្ញុំបាន »។
បន្ថែមលើសពីនេះ សម្ដេចបានអំពាវនាវបែបនេះថា ៖ « សូមបងប្អូនជនរួមជាតិ អញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិឃុំយើង និងជាតិយើង »៕