Lee Jung Jae ទម្លាយទាំងអួលដើម-ក ធ្លាប់លំបាកវេទនា ទម្រាំបានផ្ទុះល្បីខ្លាំងក្នុងរឿង «Squid Game»
រឿងភាគល្បីប្រចាំឆ្នាំ ២០២១ «Squid Game» បានធ្វើឱ្យតួអង្គក្នុងរឿងរបស់ខ្លួនសឹងទាំងអស់ បានទទួលប្រជាប្រិយភាពមិនតិចនោះទេ ជាពិសេសនោះគឺតារាប្រុស Lee Jung Jae ជាតួឯកប្រុស វ័យ ៤៩ ឆ្នាំ ក៏ហាក់លេចត្រដែតនៅក្នុងវិស័យសិល្បៈមួយកម្រិតទៀតផងដែរ។
យ៉ាងណាមិញ ទម្រាំតែបានមកឈរនៅចំណុចនេះ តារាប្រុស Lee Jung Jae ក៏ធ្លាប់ប្រទះនូវជីវិតលំបាកវេទនាជូរចត់រាប់មិនអស់មកហើយ ជាពិសេសក្នុងវ័យកុមារភាពរបស់លោកតែម្តង។
តារាប្រុសរូបនេះ បានឱ្យដឹងនៅក្នុងកម្មវិធីមួយថា ដើមឡើយគ្រួសាររបស់លោករស់នៅក្នុងផ្ទះដ៏សែនចាស់មួយ ដែលមើលទៅតូចជាងផ្ទះរបស់ Sung Ki Hoon ដែលជាតួអង្គរបស់លោកនៅក្នុងរឿង «Squid Game» ច្រើនណាស់ យ៉ាងហោចណាស់ផ្ទះគេមានពីរបន្ទប់ តែផ្ទះរបស់លោកកាលនោះ គ្មានបន្ទប់នោះទេ ដោយសារតែលោកគ្រួសារក្រីក្រខ្លាំង ហើយសូម្បីតែបាយម្ហូបរាល់ថ្ងៃក៏មិនសូវមានដែរ ពោលគឺតិចតួចបំផុត ដោយមួយពេលៗមានតែបាយ និង បន្លែបន្តិចបន្តួចប៉ុណ្ណោះ។
លើសពីនេះទៅទៀត ដោយសារតែធ្លាប់ឆ្លងកាត់ជីវិតលំបាកនេះហើយ ទើបធ្វើឱ្យលោកអាចសម្តែងជាតួអង្គ Sung Ki Hoon បានយ៉ាងល្អ ព្រោះដំណើរសាច់រឿងរបស់តួអង្គនេះ នៅក្នុង «Squid Game» ក៏មានជីវិតមិនខុសពីលោកប៉ុន្មាននោះទេ។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រក៏នឹកសរសើរវាសនា ក៏ដូចជាការប្រឹងប្រែងរបស់លោកផងដែរ ដែលតស៊ូព្យាយាមរហូតបានមកឈរនៅចំណុចនេះ៕