គាំទ្រ! សមត្ថកិច្ចចុះប្រមូលម៉ូតូ ចតតាមចិញ្ចើមផ្លូវ ជាប់របងពេទ្យកុមារជាតិស្អាតភ្លឹង និង អប់រំអ្នកលក់ដូរ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ នេះ បានបង្ហោះឱ្យបានដឹងថា ក្រុមការងារព័ត៌មាន និង ប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលដំណឹងថា នៅចិញ្ចើមផ្លូវជាប់របងមន្ទីរពេទ្យកុមារជាតិទាំងបីជ្រុង បានក្លាយជាចំណតម៉ូតូរថយន្ត របស់ក្រុមហ៊ុនធានារ៉ាប់រងឯកជន និង ក្លាយជាតូបលក់ដូរ។
ក្រោយទទួលបានដំណឹងនេះ ពីសារព័ត៌មាន នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ៨:៣០ ក្រុមការងារព័ត៌មាន និង ប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មាន ឱ្យកម្លាំងនៃអធិការដ្ធាននគរបាលខណ្ឌទួលគោក ដើម្បីចុះត្រួតពិនិត្យជាក់ស្តែង និង រៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ ១១០ ផ្លូវ ២៥៧ ជុំវិញរបងមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក។
ជាលទ្ធផល ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានឃាត់ម៉ូតូដែលចតល្មើស បង្ករឱ្យការកកស្ទះចរាចរណ៍ និង បាត់បង់សណ្តាប់ធ្នាប់ យកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោកជាបណ្តោះអាសន្ន ដើម្បីធ្វើការអប់រំ និង ផាកពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក និង អប់រំម្ចាស់ទីតាំងលក់ដូរលើចិញ្ចើមផ្លូវលេខ ២៥៧ បានចំនួន ៨ ទីតាំង ដោយបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវ ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់ និង កកស្ទះចរាចរណ៍៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ