មុនទទួល ឬ ឱ្យអាំងប៉ាវទៅអ្នកដទៃ គួរយល់ដឹងពីចំណុចទាំងនេះសិន
ជារៀងរាល់ឆ្នាំពេលដែលមានពិធីជួបជុំគ្រួសារ ជាពិសេសពេលចូលឆ្នាំចិន បងប្អូនដែលមានជាប់សែស្រឡាយចិនតែងធ្វើការជូនអាំងប៉ាវ ដើម្បីជាការកាត់ឆុង ហើយទទួលលាភសំណាងត្រឡប់មកវិញ។ តើអ្នកដឹងទេថា ក្នុងទំនៀមទម្លាប់ចិន ពេលជូនអាំងប៉ាវទៅគេ ឬ ទទួលពីអ្នកដែលជូនអ្នកត្រូវមានរបៀបរបបដូចគ្នា ដូចជា៖
ពេលឱ្យអាំងប៉ាវទៅអ្នកដទៃ៖
១. អ្នកមិនត្រូវដាក់ក្រដាសប្រាក់ជ្រួញ ចាស់ ឬ ក៏ប្រឡាក់
ការជូនអាំងប៉ាវទៅអ្នកដទៃ សូមប្រាកដថាអ្នកត្រូវតែដាក់ក្រដាសប្រាក់ថ្មី ត្រង់ភ្លឹងស្អាត ដោយអ្នកអាចទទួលក្រដាសប្រាក់ប្រភេទនេះ ពីធនាគារ ឬ កន្លែងប្តូរប្រាក់។
២. មិនត្រូវដាក់កាក់ជាដាច់ខាត
សូមចៀសឱ្យផុតពីការដាក់កាក់ក្នុងអាំងប៉ាវ ត្រូវដាក់តែប្រភេទក្រដាសតែប៉ុណ្ណោះ។
៣. សូមកុំដាក់ចំនួនប្រាក់ដែលនាំសំណាងអាក្រក់
ក្នុងអបិយជំនឿចិន លេខ ៤ គឺជាលេខសំណាងអាក្រក់ ហេតុដូចនេះសូមកុំជូនអាំងប៉ាវដែលមានចំនួនលេខ ៤ នៅក្នុងនោះ ឧទាហរណ៍ដូចជា ៤០ ៤០០ ១៤៤ ជាដើម។
៤. ត្រូវរៀបចំទុកជាមុន
នៅពេលអ្នកជាអ្នកជូនអាំងប៉ាវទៅអ្នកដទៃត្រូវរៀបចំទុកជាមុនជានិច្ច ចៀសវាសការប្រញាប់ដាក់លុយភ្លាមៗនៅមុខអ្នកដទៃ។
ពេលទទួលអាំងប៉ាវពីអ្នកដទៃ៖
១. ត្រូវទទួលដោយដៃពីរ
នៅពេលទទួលអាំងប៉ាវពីនរណាម្នាក់ អ្នកត្រូវទទួលដោយដៃពីរ ដែលនេះបង្ហាញពីការគោរព និង ឱ្យតម្លៃដល់អ្នកដែលជូន។
២. មិនត្រូវបើកអាំងប៉ាវ នៅចំពោះមុខអ្នកដែលឱ្យនោះឡើយ
ក្នុងទំនៀមទម្លាប់ចិនគេប្រកាន់ជាខ្លាំង នៅពេលបើកអាំងប៉ាវឆែកមើលចំនួនទឹកប្រាក់ខាងក្នុងនៅនឹងមុខអ្នកឱ្យ ដែលនេះបញ្ជាក់ថាអ្នកជាមនុស្សឈ្លើយ មិនគោរពគេទាល់តែសោះ។
៣. ត្រូវបង្ហាញពីអារម្មណ៍អរគុណ
ពេលដែលអ្នកទទួលបានអាំងប៉ាវ ត្រូវបង្ហាញពីអារម្មណ៍ អរគុណ និង រីករាយមិនថាគាត់ជាមិត្តស្និទ្ធស្នាល ក្រុមគ្រួសារ អ្នករួមការងារ អតិថិជន ឬ នរណាម្នាក់នោះឡើយ ហើយបន្ថែមពីពាក្យអរគុណ អ្នកអាចនិយាយថា «រីករាយឆ្នាំថ្មី» ឬ «Zhu ni xin nian kuai le» ដែលមានន័យថា «ជូនពរអ្នកក្នុងឱកាសឆ្នាំថ្មី»៕
ប្រភព៖ Thatsmags