លែងឃិន ជាទឹកធ្លាក់ដ៏ស្រស់ស្អាតនៅខេត្តមណ្ឌលគិរី ដែលភ្ញៀវទេសចរមួយចំនួនមើលរំលង
ក្រៅពីទឹកធ្លាក់ប៊ូស្រា លែងឃិន ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមួយ ដែលភ្ញៀវទេសចរទៅលេងខេត្តមណ្ឌលគិរីភាគច្រើនមើលរំលង ប៉ុន្តែបើលោកអ្នកបានទៅលេងម្តងនោះ ពិតជាជាប់ចិត្តចាប់អារម្មណ៍ជាមិនខានឡើយ ។
ទឹកធ្លាក់លែងឃិន មានចម្ងាយប្រមាណជាង ៤ គីឡូម៉ែត្រពីផ្លូវជាតិលេខ ៧៦ ដោយចូលតាមច្រកចូលផ្លូវលំនៅផ្នែកខាងឆ្វេងដៃក្នុងដំណើរពីភ្នំពេញហួសច្រកផ្លូវស្រុកអូររាំងប្រមាណជា ១០០ ម៉ែត្រ ទៅដល់តំបន់ទឹកធ្លាក់ដ៏រាក់បំផុត និង ខ្ពស់បំផុត ដែលហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាត្រជាក់ល្ហឹមជាទីឋានលម្ហែ និង ងូតទឹកកម្សាន្ដដ៏ស្ងប់ស្ងាត់ ដែលស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ចម្ងាយ ២៦ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ។
ភ្ញៀវទេសចរអាចនាំគ្នាថតរូបទុកជាអនុស្សាវរីយ៍ នៅតំបន់ទឹកធ្លាក់ លែងឃិនយ៉ាងស្រស់ស្អាត ទឹកធ្លាក់នេះ មានកម្ពស់ប្រមាណជា ២០ ម៉ែត្រ នៅរដូវប្រាំង រមណីយដ្ឋានទឹកធ្លាក់នេះមានទឹករាក់ជាងគេ និង ខ្ពស់ជាងគេបំផុតក្នុងខេត្តមណ្ឌលគិរី នៅក្បែរនោះក៏មានទឹកធ្លាក់មួយទៀតយ៉ាងស្រស់ត្រកាលដែរ គឺទឹកធ្លាក់ លែងអង ៕
ដោយ៖ សុថាត់ (រូបថតមន្ទីរទេសចរខេត្តមណ្ឌលគិរី)