អស្ចារ្យមែន! ជប៉ុនណែនាំបច្ចេកវិទ្យាថ្មី ច្នៃសំរាមប្លាស្ទិក ទៅជាបេតុងកៅស៊ូ សាងសង់ផ្លូវនៅកម្ពុជា
នាថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ លោក SHU NISHIYAMA បានណែនាំគ្រឿងចក្រប្រភេទថ្មី ដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិក ឱ្យទៅជាបេតុងកៅស៊ូ (AC) សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា និង បានស្នើសុំឱ្យ ក្រសួងពិចារណា លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ដោយហេតុថាវាមានលក្ខណៈសមស្រប អាចប្រើប្រាស់បាននៅក្នុងស្ថានភាពប្រទេសកម្ពុជា ដែលសម្បូទៅដោយភ្លៀងធ្លាក់រយៈពេលយូរ អាចធានាបាននូវការជ្រាបទឹក និង ធ្វើឱ្យផ្លូវជាប់រឹងមាំបានយូរអង្វែងផងដែរ។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានណែនាំឱ្យក្រុមហ៊ុនពិនិត្យស្ថានភាពនៅកម្ពុជា ឱ្យបានល្អិតល្អន់ មុននឹងសម្រេចលើការនាំចូលបច្ចេកវិទ្យាថ្មីនេះ ជាពិសេសពិនិត្យទៅលើសំរាមនៅកម្ពុជា ដែលមិនមានការបែងចែកប្រភេទសំរាម អាចបង្កជាបញ្ហាស្មុគស្មាញក្នុងការផ្គត់ផ្គង់សម្រាប់ដំណើរការកែច្នៃ និង ការប្រមូលសំរាមផងដែរ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី នៅតែបង្ហាញនូវការគាំទ្រលើ គំនិតផ្ដួចផ្ដើមនៃការនាំយកមកប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះផងដែរ ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន ធ្វើការសិក្សាឱ្យបានលម្អិតទាក់ទងនឹង បរិមាណប្លាស្ទិកនៅកម្ពុជា ថាតើអាចផ្គត់ផ្គង់សម្រាប់ការកែច្នៃបានកម្រិតណា និង បានបញ្ជាក់ថា ៖ តម្លៃផលិតផលនោះមិនត្រូវឱ្យលើសថ្លៃបេតុងកៅស៊ូ (AC) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នទេ និង ត្រូវសិក្សាអំពីបញ្ហាផលប៉ះពាល់បរិស្ថានដោយប្រៀបធៀបនឹងការប្រើប្រាស់បេតុងកៅស៊ូផងដែរ៕
ប្រភព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន