រីករាយដំណើរកម្សាន្តទៅកាន់សមុទ្រឈើខេត្តមណ្ឌលគិរី
សមុទ្រឈើជាកន្លែងកម្សាន្តមួយ ដែលមានភ្នំ ព្រៃឈើចម្រុះ ដុះលូតលាស់ខៀវស្រងាត់គយគន់ពីលើខ្នងភ្នំទៅឆ្ងាយដាច់កន្ទុយភ្នែក និង មានចលនាប្រៀបបាននឹង រលកទឹកសមុទ្រ ដូច្នេះហើយ ទើបគេហៅថាសមុទ្រឈើ។ អ្នកទេសចរចូលចិត្តមកលំហែកាយនៅទីនោះ ដើម្បីស្រូបយកខ្យល់អាកាសពេលព្រឹក និង ពេលល្ងាច ដែលបរិយាកាសនៅទីនោះបានញុំាងឱ្យអ្នកទេសចរជាតិ ក៏ដូចជាអន្តរជាតិ មានភាពសប្បាយក្រៃលែង ។
នៅតំបន់រមណីយដ្ឋានសមុទ្រឈើមានទេសភាពស្រស់បំព្រងគ្រប់រដូវកាល ហើយនៅពេល ដែលយើងបានធ្វើដំណើរ ដោយរថយន្តឡើងទៅដល់តំបន់សមុទ្រឈើហើយគឺនៅជុំវិញទីនោះ មើលទៅមានទេសភាពព្រៃឈើដូចទឹករលកមានលាយឡំជាមួយផ្សែងអព្ទ។ សមុទ្រឈើគឺជាកន្លែងកម្សាន្តបែបធម្មជាតិមួយ សម្រាប់ជួយលួងលោមបំបាត់នូវភាពនឿយហត់របស់អ្នកទេសចរ ហើយអ្វីដែលរឹតតែធ្វើឱ្យយើងមិនអាចបំភ្លេចបានទៀតនោះគឺការទស្សនាចលនារេរាំ យ៉ាងរស់រវើកនៃចុងព្រៃព្រឹក្សា។
រមណីយដ្ឋានសមុទ្រឈើមានទីតាំងស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម នៅខាងលិចក្រុងសែនមនោរម្យប្រមាណជា៤គីឡូម៉ែត្រតែប៉ុណ្ណោះ។ នៅទីនេះមានអ្នកទេសចរមកលេងច្រើនជារៀងរាល់ថ្ងៃមិនថា តែភ្ញៀវក្នុងស្រុកនោះទេ សូម្បីតែជនបរទេស ក៏មានចំណាប់អារម្មណ៍ខ្លាំងនឹងរមណីយដ្ឋាន សមុទ្រឈើនេះដែរ។
សមុទ្រឈើគឺគ្រាន់តែជាកន្លែង លំហែកាយ និង ជាទីឆ្លងកាត់មួយ សម្រាប់លោកអ្នក ដែលមានបំណងចង់ជម្រុះចោលនូវភាពស្មុគស្មាញ ពីព្រោះកម្រាលព្រំបៃតងនៅសមុទ្រឈើបានចោលសម្រស់គ្រប់រដូវកាល លាតសន្ធឹងនៅលើខ្ពង់រាបជ្រលងភ្នំទាំងឡាយ ជំនោរខ្យល់បក់មកលើវាលស្មៅ ព្រៃ ឈើទាំងនោះ មើលទៅមានចលនា ដូចជារលកទឹកសមុទ្រអ៊ីចឹងដែរ៕
ដោយ៖ សុថាត់