ទម្លាយអាថ៌កំបាំងចម្លែក សត្វគោធ្លាក់ពីលើមេឃ សង្កត់មនុស្សស្លា-ប់នៅប្រេស៊ីល
រាត្រីមួយដ៏ស្ងប់ស្ងាត់ដូចសព្វធម្មតា នៅទីស្រុកស្រែចម្ការមួយ នៃទីលំនៅរបស់លោក João Maria de Souza ដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់លើគ្រែប៉ៅអ៊ីរបស់គាត់ទាំងស្រមុកខុលៗ ជាមួយសូរស័ព្ទនៃសត្វចង្រិតយំនៅខាងក្រៅបង្អួច អមដោយខ្យល់ដ៏គ្រលួច ស្រាប់តែលាន់ប្រាវដូចសំឡេងផ្គរទម្លុះដំបូលចូលផ្ទះចំណាស់ ធ្លាក់ចេញមេគោមួយក្បាលធំសង្កត់បុរសចាស់ស្លាប់នៅនឹងកន្លែង។
នេះជាហេតុការណ៍ពិត ដែលកើតឡើងនៅតំបន់ Caratinga ប្រទេសប្រេស៊ីល បង្កការភ្ញាក់ផ្អើលទាំងយប់ នាំឲ្យប្រជាជនក្នុងតំបន់នាំគ្នាមកព័ទ្ធជុំវិញផ្ទះកើតហេតុ នាំគ្នាច្រត់ចង្កេះ អេះក្បាលទាំងងឿងឆ្ងល់ថា តើសត្វគោនេះអាចធ្លាក់មកចំដំបូលផ្ទះបុរស Souza ដោយរបៀបណា? តើពិតទេ ដែលមានឧប្បត្តិហេតុសត្វគោធ្លាក់ពីលើមេឃសង្កត់បុរសកម្សត់ឲ្យដាច់ខ្យល់ស្លាប់ក្នុងទីដំណេក?
ទម្លាយសាវតានៃអាថ៌កំបាំង
យើងដឹងហើយថា ប្រទេសប្រេស៊ីលគឺ ជាប្រទេសដែលជាប់កំណត់ត្រាដែលមានចំនួនសត្វគោច្រើនជាងគេលើផែនដី។ នេះមិនមែនជាលើកទី ១ ឡើយដែលមានករណីសត្វគោ ធ្លាក់ទម្លុះដំបូលផ្ទះ ក្នុងតំបន់នេះ។ ករណី Joao Maria de Souza បុរសចំណាស់ព្រះជន្ម ៤៥ ឆ្នាំរូបនេះ ត្រូវបានអ្នកភូមិគាស់ទ្វារចូលមកអន្តរាគមន៍ប្រទះឃើញសង្កត់ពីលើដោយមេគោ។ បុរសរូបនេះ គាត់មិនបានរស់នៅតែម្នាក់ឯងដូចព័ត៌មានមួយចំនួនលើកឡើងឡើយ មានប្រពន្ធរបស់គាត់ម្នាក់ទៀតដេកក្បែរគាត់ តែសំណាងល្អធ្លាក់មកប្រាវគឺសង្កត់តែស្វាមី ហើយក្រោយពេលអ្នកភូមិគាស់ទ្វារជួយលើកគោចេញ បុរសម្នាក់នោះនៅរស់នៅឡើយទេ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយបានស្លាប់មួយថ្ងៃបន្ទាប់ព្រោះគ្រាំឈាមខ្លាំង។ សាច់ញាតិជនរងគ្រោះបាននិយាយថា លោក Souza បានដឹងខ្លួន ហើយហាក់មានស្ថានភាពល្អមិនសមស្លាប់សោះ ហើយគាត់ប្រហែលជាអាចរស់ប្រសិនបើពេទ្យមិនទុកលោកឲ្យរង់ចាំយូរពេក ទើបមានការសង្គ្រោះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថា នេះជាឧប្បត្តិហេតុលើកទីបីក្នុងតំបន់ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ហើយមិនមានអ្នករងរបួសក្នុងឧប្បត្តិហេតុពីរលើកកាលពីមុននោះទេ។ ក្នងករណីដំបូងបង្អស់ គឺមិនមានអ្នកណានៅក្នុងផ្ទះទេ ពេលគោធ្លាក់ពីលើដំបូល។ នៅក្នុងឧប្បត្តិហេតុទីពីរ កន្លែងដែលសត្វនោះបានធ្លាក់ចុះ គឺម្តាយរបស់កូនតូចបានរត់ចូលផ្ទះ នាំកូនចេញទាន់យ៉ាងប្រផិតប្រផើយ។
បន្ថែមទៀតអំពីរឿងនេះ ភូមិ Caratinga ស្ថិតនៅក្នុងតំបន់ភ្នំនៃរដ្ឋ Minas Gerais ដែលជារដ្ឋប្រេស៊ីលដែលគេស្គាល់ជា មុខរបរប្រពៃណីប្រចាំតំបន់គឺជាមុរខរបរចិញ្ចឹមគោក្របី និង សិប្បកម្មយកទឹកដោះគោ។ ជាក់ស្តែង អាជ្ញាធរជំនាញបានបកស្រាយថា នៅប្រេស៊ីលប្រជាជននិយមសង់ផ្ទះពីក្រោយជំរាលថ្ម ហើយសត្វគោបានឡើងដល់កំពូលផ្ទះ ដោយឡើងពីច្រាំងថ្មភ្នំខ្ពស់មួយនៅខាងក្រោយផ្ទះរបស់អ្នកភូមិ រួចដើររកច្រកចុះ ហើយដំបូលផ្ទះដែលវាដើរលើ បានដួលរលំគ្រាំងទៅក្រោមដោយសារទម្ងន់របស់វា គឺ វាមិនបានធ្លាក់ពីលើមេឃឡើយ៕