ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និង វៀតណាម នឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះហើយ ខណៈប្រជាជនចិន និង បងប្អូនប្រជាជនខ្មែរសែស្រឡាយចិន នាំគ្នារៀបចំទិញរណ្ដាប់រណ្ដា ផ្កាលម្អ តុបតែងផ្ទះ ជាបណ្ដើរៗ ត្រៀមខ្លួនយ៉ាងរីករាយ ស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីរបស់ពួកគេ។
ទន្ទឹមទៅនឹងថ្ងៃសែនកៀកជិតមកដល់ ហាងផ្កាជាច្រើន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានតាំងលក់ផ្កាជាច្រើនប្រភេទ លក់ត្រៀបត្រានៅតាមដងផ្លូវ ខណៈមានភ្ញៀវមួយចំនួន បានរួសរាន់នាំគ្នាឆ្លៀតទិញបណ្ដើរៗ ឱ្យបានមុនថ្ងៃសែនចិនចិនមកដល់។
ថ្លែងមកកាន់សារព័ត៌មាន «ប្រជាប្រិយ» អាជីវករដែលឈរជើងលក់នៅហាងផ្កា អស់រយៈពេល ០៣ ឆ្នាំ ឈ្មោះ ឌឿន សោភា មានអាយុ ៣៨ ឆ្នាំ បានបញ្ជាក់ឱ្យបានដឹងថា ហាងផ្ការបស់បងស្រី គឺមានលក់ផ្កាចំនួន ០៣ ប្រភេទ សម្រាប់បម្រើឱ្យថ្ងៃសែនចូលឆ្នាំចិន ដែលក្នុងនោះមានដូចជា ផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង និង ដើមក្រូច។
ក្នុងនោះ អាជីវករដែលជាម្ចាស់ហាងផ្កាឈ្មោះ មហាលាភ ឌឿន សោភា បានទម្លាយឱ្យបានដឹងថា នៅក្នុងឆ្នាំនេះ ផ្កាដែលលក់ដាច់ជាងគេគឺ ដើមក្រូច ដែលមានតម្លៃចាប់ពី ១០ ដុល្លារ ឡើងទៅដល់ ៤០០ ដុល្លារ ខណៈផ្កាស្បៃរឿង និង ផ្កាអង្គារសិល្ប៍ លក់ពុំសូវដាច់នោះឡើយ ដោយហេតុថា នៅក្នុងឆ្នាំនេះ មហាជននាំគ្នាផ្អើលថាផ្កាទាំង ២ ប្រភេទនេះ ត្រូវបានគេហាមក្នុងការសែន ខុសពីឆ្នាំទៅ ដែលមហាជននាំគ្នាផ្អើលឈូឈរទិញផ្កាស្បៃរឿងដាច់ជាងគេ៕