សហគមន៍ទេសចរណ៍ជីផាតមានអ្វីខ្លះសម្រាប់ទាក់ទាញភ្ញៀវទេសចរ ?
ជីផាតគឺជាតំបន់សហគមន៍អេកូទេសចរណ៍ដ៏ប្រណីតមួយ ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានភាពទាក់ទាញភ្ញៀវទេសចររាប់រយនាក់នៅក្នុងមួយថ្ងៃៗ ឱ្យទៅលេងនៅទីនោះ។ អ្នកទេសចរទាំងអស់អាចធ្វើដំណើរទៅលេងកម្សាន្តនៅទីនោះបានដោយចេញដំណើរពីចំណុចអណ្តូងទឹកក្នុងស្រុកស្រែអំបិល កាត់តាម ផ្លូវលំក្នុងព្រៃចម្ងាយប្រហែលជាង១៧ គីឡូម៉ែត្រ ។
ក្នុងនោះលោកអ្នកក៏អាចធ្វើដំណើរតាមទូកទេសចរណ៍កាត់តាមដៃសមុទ្រក៏បានគឺមានចម្ងាយ២៥គីឡូម៉ែត្រ ដោយប្រើពេលប្រហែលជា២ម៉ោង ។ ការធ្វើដំណើរទស្សនាចរណ៍របស់អ្នកទេសចរមកកាន់តំបន់ឃុំ ជីផាតនេះ ភាគច្រើនពួកគាត់ចូលចិត្តជិះទូកណាស់ ព្រោះបានគយគន់នូវសម្រស់ទេសភាពប្លែកៗជាច្រើន នៅតាមដងព្រែក ឬ ដៃសមុទ្រ ។
នៅជីផាតអ្នកទេសចរអាចទស្សនា តំបន់ព្រៃធម្មជាតិ ទឹក ជ្រោះ ជ្រលងភ្នំ ទស្សនាសត្វព្រៃ ជាច្រើនប្រភេទ រុក្ខជាតិប្លែកៗ ដែលដុះនៅតាមជួរភ្នំក្រវាញ ក្រឡបុរាណ ជាពិសេសភ្ញៀវបរទេសចង់ឃើញការរស់នៅរបស់សត្វដំរី ដែលគេកម្រនឹងជួបប្រទះដែលមាននៅក្នុងតំបន់សហគមន៍អេកូទេសចរណ៍ ឃុំជីផាត នេះប្រមាណជា ៤០០ ក្បាល ដែលស្ថិតនៅក្រោមការថែរក្សា និង អភិរក្សដោយមន្រ្តីពាក់ព័ន្ធ និង មន្រ្តីបរិស្ថាន ។
នៅតំបន់សហគមន៍អេកូទេសចរណ៍ ឃុំជីផាត ក្រៅពីមានទេសភាពស្រស់ត្រកាល ក៏មានសេវាផ្សេងៗសម្រាប់អ្នកទេសចរ ដូចជាម្ហូបអាហារ ការជិះទូកគយគន់ សម្រស់ព្រៃ កោងកាង ជិះកង់ទស្សនាតាមភូមិសហគមន៍ រួមទាំងព្រៃធម្មជាតិក្នុងតំបន់នេះទាំងមូល ។
អ្វីដែលរឹតតែអស្ចារ្យទៅទៀតនោះគឺនៅ មានផ្ទះសំណាក់ភោជនីយដ្ឋានបែបសហគមន៍ បណ្តែតខ្លួនរង់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរ នៅកណ្តាលទ្រូងព្រៃ ហើយជាងនេះទៅទៀត យើងក៏អាចទស្សនាថ្ងៃរៀបលិចពីផ្ទះសំណាក់បែបបុរាណនៅឃុំជីផាត ដែលរឹតតែធ្វើឱ្យអារម្មណ៍របស់យើងកាន់តែជក់ចិត្ត ។
នៅតំបន់សហគមន៍អេកូទេសចរណ៍ ឃុំជីផាត ក្រៅពីអំណោយផលខាងបរិស្ថានធម្មជាតិនោះ គឺនៅមានល្អាងបុរាណ ល្អាងប្រចៀវ សំណល់ផ្នូរមនុស្សសម័យដើម ពាងបុរាណ និង នៅមានតំបន់ទឹកធ្លាក់ជាច្រើនកន្លែងទៀតសម្រាប់រងចាំស្វាគមន៍ភ្ញៀវទេសចរ ៕
ដោយ៖សុថាត់