នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំបន្ថែមស្តីពីការពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង ថែទាំ និង ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ក្នុងនោះ តាមរយៈចំណុចទី ៤ នៃសេចក្ដីណែនាំ បានបញ្ជាក់ឱ្យបានដឹងថា រដ្ឋបាលរាជធានីភ្នំពេញ លើកទឹកចិត្ត និង ស្នើសុំប្រជាពលរដ្ឋ ដែលមានលំនៅឋានរស់នៅក្បែរខាងទីតាំងផ្ទះរបស់បុគ្គល ដែលសង្ស័យថា មានអ្នកជំងឺកូវីដ-១៩ កំពុងលួចលាក់សម្រាកព្យាបាលដោយខ្លួនឯង ដោយគ្មានការវាយតម្លៃ និង ការអនុញ្ញាតពីមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមូលដ្ឋានទេនោះ ត្រូវរាយការណ៍ជា បន្ទាន់មករដ្ឋបាលរាជធានីភ្នំពេញ ឬ អាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។
ក្នុងនោះរដ្ឋបាលរាជធានី បានបញ្ជាក់បន្ថែមថា ខាងរដ្ឋបាល នឹងធានារក្សាការសម្ងាត់ជូន ដើម្បីឱ្យអាជ្ញាធរមូលដ្ឋាន ចាត់វិធានការបានទាន់ពេលវេលា ចៀសវាងការចម្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ទៅក្នុងមូលដ្ឋានភូមិ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖