កូនខ្មែរថែមរតក! អ្នកជំនាញលះបង់កម្លាំងកាយចិត្ត ជួសជុលបដិមា ៣ អង្គ នៅអង្គវត្ត គ្រោងប្រើពេលត្រឹម ៥ ខែ
មហាជនខ្មែរនាំគ្នាស្ញើចសរសើរ និង ស្ញប់ស្ញែងបំផុត នូវការលះបង់របស់ក្រុមការងារអាជ្ញាធរអប្សរា ដែលថ្មីៗនេះបានកំពុងដំណើរការ ជួសជួលព្រះពុទ្ធបដិមាចំនួន ៣ អង្គ នៅទីតាំងរួតបាកាណ នៃប្រាសាទអង្គរវត្ត ដើម្បីថែរក្សាឱ្យបានខ្ជាប់ខ្ជួននូវមរតកដូនតាដែលបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។
ជុំវិញគម្រោងនៃការជួសជុលនេះ បើតាមមន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និង បុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា លោក សយ សុភារិន្ទ បានឱ្យដឹងថា ដំណើរការជួសជុលព្រះពុទ្ធបដិមា គឺនៅដើមខែកុម្ភៈ ឆ្នាំ ២០២២ នេះ ហើយគ្រោងនឹងប្រើប្រាស់ ពេលវេលាជួសជុលចំនួន ៥ ខែ។
បន្ថែមលើសពីនេះ លោក សយ សុភារិន្ទ ក៏បានបញ្ជាក់អំពីមូលហេតុ ដែលនាំឱ្យព្រះពុទ្ធបដិមា នៅរួតបាកាណរងការខូចខាតទ្រុឌទ្រោម គឺដោយសារកត្តាធម្មជាតិ ទីកន្លែងមានជ្រាបទឹក ទឹកហូរច្រោះ មានទឹកនោម និង លាមកសត្វប្រចៀវច្រើន ដូច្នេះក្រុមការងារធ្វើការរើសំណាញ់ចាស់ចោល ដើម្បីជំនួសនូវសំណាញ់ថ្មី ដែលសង្ឃឹមថា ប្រចៀវនឹងមិនអាចចូលទៅទុំនៅទីតាំងខាងលើបានទៀតឡើយ។
គួរឱ្យដឹងផងដែរថា គម្រោងជួសជុលព្រះពុទ្ធបដិមាខាងលើ មានការសហការគាំទ្រគំនិតផ្តួចផ្តើម និង ឧបត្ថម្ភថវិកាពីលោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍៕
ប្រភព ៖ អាជ្ញាធរជាតិអប្សរា