បាញ់អាកុលពេញខ្លួនដើម្បីសម្លាប់កូវីដ ភ្លេចខ្លួនទៅដុតធូបមូស មានអីឆេះឆួលរបួសធ្ងន់
នៅក្នុងអំឡុងសម័យកូវីដនេះ អាកុលគឺជាអាវុធមួយដ៏សំខាន់ក្នុងការប្រើប្រាស់សម្រាប់ការពារសម្លាប់មេរោគកូវីដនោះ តែបើប្រើប្រាស់មិនប្រយ័ត្ន វាក៏អាចនាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិតបាន ដូចជាករណីខាងក្រោមនេះ។
កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ មានគណនី Facebook ជនជាតិថៃមួយ បានមកចែករំលែកហេតុការណ៍គ្រោះថ្នាក់ដោយសារអាកុលនេះថា ថ្មីៗនេះមានស្ត្រីវ័យ ២៨ ឆ្នាំម្នាក់ មកពីធ្វើវិញ មុននឹងចូលផ្ទះក៏បានបាញ់អាកុលពេញខ្លួន ដើម្បីបាញ់សម្លាប់មេរោគកូវីដ។
ក្រោយពីបាញ់រួចហើយ ក៏បានដើរចូលផ្ទះ រួចបែរភ្លេចខ្លួនទៅដុតធូបមូស ស្រាប់តែភ្លាមៗក៏កើតការឆាបឆេះពេញខ្លួនយ៉ាងរន្ធត់។ ស្រ្តីម្នាក់នោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយរាងកាយរបស់នាងត្រូវឆេះអស់សឹង ៦០ ភាគរយទៅហើយ ពិតជាធ្ងន់ធ្ងរមិនតិចទេ។
មកទល់ពេលនេះ គេក៏កំពុងនៅព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ហើយខាងគ្រួសារកំពុងតែខ្វះខាតខ្លាំង ព្រោះត្រូវចំណាយក្នុងមួយថ្ងៃជាង ១៥០ ដុល្លារឯណោះ ក្នុងការព្យាបាល។ យ៉ាងណាមិញ លើសពីនេះទៅទៀត ខាងគណនីខាងលើក៏បានដាស់តឿនឱ្យមហាជនទាំងអស់បង្កើនការប្រុងប្រយ័ត្នផងដែរ ព្រោះក្រៅពីការពារហើយ អាកុលនេះក៏អាចបង្កគ្រោះថ្នាក់មិនតិចនោះទេ៕