អូមីក្រុងកើនឡើង! នៅភ្នំពេញមិនអនុញ្ញាតឱ្យបុគ្គលប្រភេទនេះ ចូលរួមមង្គលការ ពិធីបុណ្យ ឬការជួបជុំឡើយ
រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ឱ្យបានដឹងថា បុគ្គលណាមួយមិនបានចាក់វ៉ាក់សាំង ឬ ហួសរយៈពេល ៤ ខែហើយ មិនបានទៅចាក់វ៉ាក់សាំងដូសទី ៣ ឬ ដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវ គឺមិនអនុញ្ញាតឱ្យចូលទីតាំង ឬ កន្លែងប្រារព្ធពិធី រៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និង ការជួបជុំ ប្រមូលផ្តុំផ្សេងៗឡើយ។
រដ្ឋបាលរាជធានី បានបញ្ជាក់បែបនេះ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២ តាមរយៈសេចក្ដីណែនាំស្តីពីការក្រើនរំលឹកក្នុងការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញបទបញ្ជាចំពោះទីតាំង ដែលប្រមូលផ្តុំមនុស្សច្រើន ដូចជា ការរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និង ការជួបជុំ ប្រមូលផ្តុំផ្សេងៗ កន្លែងដែលមានមនុស្សច្រើន ត្រូវណែនាំឱ្យរៀបចំកៅអីអង្គុយ មានគម្លាតសុវត្ថិភាព ដោយមិនឱ្យលើសពី ០៧ នាក់ក្នុងមួយតុឡើយ និង ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាបាញ់ អាកុល ឬ ជែលលាងដៃ វាស់កំដៅ រក្សាតម្លាតសុវត្ថិភាព និង ពាក់ម៉ាស់ ហើយការដោះម៉ាស់ចេញ ក្នុងអំឡុងពេលទទួលទានអាហារ ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ និង ត្រូវពាក់ម៉ាស់វិញនៅពេលងើបចេញពីតុ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖