ផ្ទុះផ្អើល! Shawn Mendes ប្រទះឃើញស្និទ្ធនារីម្នាក់ ខណៈ Camila បណ្ដើរប្រុសប្លែកមុខម្នាក់ដែរ
ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងហើយនៅគូស្នេហ៍តារាបរទេសដ៏ល្បី Camila Cabello និង Shawn Mendes ដែលពួកគេទាំង ២ ទើបតែប្រកាសចែកផ្លូវគ្នា ប្រែពីគូស្នេហ៍មកត្រឹមជាមិត្តភក្តិកាលពីពេលថ្មីៗកន្លងទៅនេះ។
ទោះជាយ៉ាងណា ស្រាប់តែកាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២២ កន្លងទៅ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនផ្ទុះការភ្ញាក់ផ្អើល ក្រោយតារាចម្រៀងរូបសង្ហា Shawn Mendes ត្រូវបានប្រទះឃើញដើរកម្សាន្តនៅកោះហាវ៉ៃ រួមទាំងបង្ហាញភាពស្និទ្ធស្នាលនឹងនារីរូបស្រស់ម្នាក់។
តាមរយៈរូបភាពដែលផ្សាយដោយ People Magazine បានបង្ហាញឱ្យឃើញថា Shawn កំពុងតែអង្គុយបែបស្មិងស្មាធិ៍ទល់មុខគ្នាជាមួយនារីរូបនោះ ដែលគេស្គាល់ឈ្មោះថា Hitomi Mochizuki ដែលរូបនាងគឺជាមិត្តភក្តិស្គាល់គ្នារបស់ Shawn និង Camila។ ក្រោយអង្គុយហាត់ Yoga បន្ធូរអារម្មណ៍មួយស្របក់មក ពួកគេទាំង ២ ក៏បានងើបដើរចេញទៅទិញភេសជ្ជៈញ៉ាំជាមួយគ្នាយ៉ាងរីករាយ។
ដោយឡែកព័ត៌មាន Shawn ស្និទ្ធស្នាលនឹងនារីម្នាក់មិនទាន់ទាំងស្ងប់ស្ងាត់ផង ស្រាប់តែកាលពីថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ តារាចម្រៀង Camila Cabello ក៏ត្រូវបានបណ្ដាព័ត៌មានប្រទះឃើញបណ្ដើរគ្នាជាមួយតារាសម្ដែង Nicholas Galitzine ដែលពួកគេទាំង ២ ធ្លាប់សម្ដែងរឿង «Cinderella» ជាមួយគ្នា។
តារាទាំង ២ រូបនេះ ត្រូវបានប្រទះឃើញដើរសើចសប្បាយជាមួយគ្នានៅក្រុង Santa Monica រដ្ឋ California។ ក្នុងការណាត់ជួបនេះ បើតាមព័ត៌មានបានឱ្យដឹងថា Camila និង Nicholas បានជួលកង់ ជិះលេងជាមួយគ្នា ហើយថែមទាំងបានទិញការ៉េមញ៉ាំជាមួយគ្នាយ៉ាងរីករាយទៀតផង។ ទោះជាយ៉ាងណា ភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរត្រឹមជាមិត្តរួមការងារ ឬលើសពីមិត្តភាពនេះយ៉ាងណានោះ មានតែរង់ចាំការបញ្ជាក់ពីសាមីខ្លួនផ្ទាល់តែប៉ុណ្ណោះ៕