ក្រុមហ៊ុន MSA ចូលរួមបរិច្ចាគថវិកា ដើម្បីសុខភាពកុមារកម្ពុជា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២២ នេះ ក្រុមហ៊ុន Marketing Solutions Asia, Ltd. ឬត្រូវបានគេស្គាល់ថា MSA ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មធំជាងគេនៅកម្ពុជា ដឹកនាំដោយលោកស្រី នួន ស៊ីថា ជានាយិកាគ្រប់គ្រង បានដឹកនាំក្រុមការងារដើម្បីយកថវិកាចំនួន ១៨.០០០ ដុល្លារ ព្រមទាំងភេសជ្ជៈចំនួន ៥០០ កេស ដែលគិតជាទឹកប្រាប់សរុបស្មើនឹង ២៣.០០០ ដុល្លារ ទៅបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។
ថវិកាទាំងអស់នេះបានមកពីការរួមចំណែកដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ និង បុគ្គលិកគ្រប់ជាន់ថ្នាក់នៅក្នុងក្រុមហ៊ុន ហើយក៏ជាការចូលរួមដោយប្រយោលពីសំណាក់អតិថិជន និង អ្នកផ្គត់ផ្គង់ទាំងអស់ដែលបាន និង កំពុងសហការការងារជាមួយក្រុមហ៊ុន MSA។
លោក សុខ គីមនិតតា អគ្គនាយកក្រុមហ៊ុន MSA បានមានប្រសាសន៍ថា ៖ «ថវិកាបន្តិចបន្តួចនេះគឺជាការរួមចំណែកតូចមួយក្នុងការជួយដល់សង្គម និង សុខភាពកុមារកម្ពុជា។ ក្រុមហ៊ុន MSA នឹងបន្តពង្រឹងគុណភាពការងាររបស់ខ្លួនដើម្បីឱ្យមុខជំនួញកាន់តែរីកចម្រើន មានការគាំទ្រច្រើនពីសំណាក់អតិថិជន ដើម្បីយើងមានលទ្ធភាពចូលរួមក្នុងការងារសប្បុរសធម៌ផ្សេងទៀតដែលមានប្រយោជន៍ចំពោះសង្គមជាតិបានកាន់តែច្រើន»។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមហ៊ុន អឹម អេស អេ ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពកន្លងមកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់មកប្រកបរបរទទួលទានបានដូចធម្មតា៕