បែងចែកឱ្យដាច់! វីរុស អូមីក្រុង គឺមិនធ្វើឱ្យលែងដឹងក្លិនដូចវីរុស ដែលតា ឡើយ តែគឺមានអាការ ៣ នេះ
បើតាមការបញ្ជាក់របស់អ្នកជំនាញពីវិទ្យាស្ថានស្រាវជ្រាវឱសថរបស់ក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា អាការរបស់វីរុសបំប្លែងខ្លួនថ្មី អូមីក្រុង គឺមានលក្ខណៈខុសគ្នាពីអាការនៃវីរុសបំប្លែងខ្លួន ដែលតា។
ដូចដែលបានដឹងមកហើយថា វីរុសបំប្លែងខ្លួន ដែលតា អាការចម្បងគឺបង្កឱ្យមានការបាត់បង់ក្លិន ប៉ុន្តែអូមីក្រុងគឺគ្មាននោះឡើយ។ វីរុសបំប្លែងខ្លួនថ្មី អូមីក្រុង គឺមិនបង្កជាការលែងដឹងក្លិន និង មិនមានអាការក្ដៅខ្លួនខ្លាំងដូចវីរុសបំប្លែងខ្លួន ដែលតា នោះដែរ។ អាការចម្បងនៃអូមីក្រុង គឺឈឺ-ក ឈឺក្បាល និង ឈឺខ្លួន។ ដោយឡែក ចំពោះរោគសញ្ញាដទៃផ្សេងទៀតមានដូចជា ហៀរសំបោរ កណ្ដាស់ អស់កម្លាំងល្ហិតល្ហៃ រាគរូស ចុកពោះ និង មិនចង់ញ៉ាំអាហារ។
អ្នកជំនាញបានឱ្យដឹងទៀតថា ពេលវេលានៃការចេញរោគសញ្ញារបស់វីរុសអូមីក្រុង គឺប្រមាណជា ៥ ថ្ងៃ បើធៀបនឹងវីរុស ដែលតា គឺខ្លីជាង។ គួរបញ្ជាក់ផងដែរថា ប្រសិនបើប្រិយមិត្ត មានអារម្មណ៍មិនស្រួលខ្លួន ឬ ចេញរោគសញ្ញាដូចដែលបានរៀបរាប់ សូមធ្វើការតេស្ត និង ទទួលការព្យាបាលភ្លាមៗឱ្យទាន់ពេលវេលា៕