ទីបំផុត! Geat ដាច់ចិត្តទម្លាយមូលហេតុច្បាស់ៗហើយ រឿងមិនទាន់ហ៊ានយកសង្សារម្ដងទៀត
ថ្មីៗនេះប្រិយមិត្ត បានដឹងហើយថាស្រីៗជាច្រើនកំពុងតែរួសរាន់ដាក់ពាក្យ ជ្រួលច្រាទៅនឹងអ្នកកំលោះរូបសង្ហារប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ ៣ ថៃ លោក Great Warinthorn បន្ទាប់ពីម្តាយតារាប្រុសរូបនេះបានចេញមកប្រកាសច្បាស់ៗលើបណ្ដាញសង្គមថានឹងរើសកូនប្រសាដោយសន្យាឱ្យមាសសុទ្ធចំនួន ៤០ ជីផងដែរ។
ជុំវិញមូលហេតុដែលម្តាយតារាប្រុស Great ចេញមកប្រកាសរើសកូនប្រសានេះក៏ព្រោះតែ លោកស្រីឃើញតារាប្រុស Great នៅម្នាក់ឯងយូរពេក ខណៈដែលមិត្តឯទៀតរបស់ Great ពេលនេះកំពុងតែមានអ្នកស្អំបេះដូងអស់ទៅហើយនោះ ពោលគឺសល់តែ Great មួយប៉ុណ្ណោះដែលស្ពាយឈ្មោះ Single ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ក្នុងបទសម្ភាសកម្មវិធី At Ten Day តារាប្រុស Great ក៏បានចេញមុខទម្លាយច្បាស់ជុំវិញមូលហេតុដែលលោកពុំទាន់ហ៊ានយកសង្សារថា៖ «កន្លងមកលោកធ្លាប់មានស្នេហាដែរ លោកយល់ថាលោកនៅមិនទាន់អាចធ្វើបានល្អចំពោះរឿងមួយនេះ ដូច្នេះគឺសុខចិត្តនៅម្នាក់ឯងសិន អាចនិយាយបានថា តាមបទពិសោធលោកពុំទាន់ល្អគ្រប់គ្រាន់ក្នុងការមើលថែមនុស្សស្រី។ លោកយល់ថាកាលដែលលោកសម្រេចចិត្តនៅម្នាក់ឯងនេះ គឺលោកមានក្ដីសុខជាជាងមានស្នេហា ដោយហេតុថា លោកមានពេលវេលាច្រើនសម្រាប់មើលថែខ្លួនឯង និងមើលថែគ្រួសារ ហើយលោកក៏មិនបានបិទបេះដូងខ្លួនឯងនោះដែរ តែហាក់ពុំទាន់ដល់ពេលប៉ុណ្ណោះ»។
ជាមួយគ្នានោះ បើតាមបញ្ជាក់របស់ តារាប្រុស Mean ដែលជាមិត្តរួមការងារជាមួយតារាប្រុស Great បានព្រលយឱ្យដឹងក្នុងកម្មវិធី At Ten Day ថានៅពេលទៅរួមការងារ ពេលថត លោកក៏សង្កេតឃើញតារាប្រុស Great តែងសួរនាំលោកពីមនុស្សស្រីមួយចំនួនផងដែរ។ ជាពិសេស លោកតែងឃើញ Great លួចលេងទូរសព្ទឆែតទៅអ្នកនេះអ្នកនោះខ្លះដែរ តែលោកពុំដឹងថាជានារីរូបណានោះទេ។
តាមការទម្លាយរបស់ Mean ដដែលបានឱ្យដឹងថា បើនិយាយពី មនុស្សស្រីដែលតារាប្រុស Great ពេញចិត្តនោះគឺ ជាមនុស្សស្រីស្អាត សក់វែង ស្បែកស និង ជាមនុស្សស្រីសិចស៊ី ព្រោះជារឿយៗ Great តែងតែសួរនាំលោករហូត។ ដោយឡែក បើងាកទៅមើលកំលោះ Great វិញនោះ ខណៈ Mean និយាយទម្លាយចំៗ ត្រូវចំណុចបែបនេះ គឺថា លោកអៀនមុខក្រហម មិនហ៊ាននិយាយស្តីអ្វីឡើយគិតតែអង្គុយសើចប៉ុណ្ណោះ៕