ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២ បានចេញសេចក្ដីណែនាំបន្ថែម ស្ដីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស អូមីក្រុង នៅក្នុងសហគមន៍។
ក្នុងនោះ ក្រសួងក៏បានបញ្ជាក់ពីការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម ឬធ្ងន់ ឱ្យបានដឹងថា ទោះបីជាមានការស្រាវជ្រាវបែបវិទ្យាសាស្ត្រជាច្រើន បានបង្ហាញថាវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង មានសភាពហាក់ស្រាលក្តី តែយើងមិនត្រូវមើលរំលងពីលទ្ធភាព នៃការវ៉ៃលុកនៃវីរុសកូវីដ-១៩ដែលអាចឱ្យមានកម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬស្លាប់បានដែរ។
បន្ថែមលើសពីនេះ ក្រសួងបានបញ្ជាក់ទៀតថា អ្នកជំងឺកូវីដ-១៩ អូមីក្រុងនេះ ក៏អាចមានរោគសញ្ញាដែលអាចនាំឱ្យវិវត្តទៅជាធ្ងន់ធ្ងរ ដូចជាហត់ ឬពិបាកដកដង្ហើមជាដើម ដែលចាំបាច់ត្រូវ ស្វែងរកការព្យាបាលនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។
ដូច្នេះហើយ ទើបក្រសួងធ្វើការណែនាំ សូមកុំព្យាយាមព្យាបាលនៅផ្ទះ នៅពេលមានរោគសញ្ញាដូចជាថប់ៗ ហត់ ឬ ពិបាកដកដង្ហើម ឬមិនមានការវិវត្តន៍ប្រសើរឡើងនៃស្ថានភាពសុខភាព ក្រោយពីព្យាបាលនៅផ្ទះបានមួយរយៈពេល៕