ឈប់យល់ច្រឡំ! អ្នកជំនាញបញ្ជាក់ច្បាស់ៗ ជំងឺកូវីដ-១៩ មិនមែនជាជំងឺផ្ដាសាយធម្មតា ឬផ្ដាសាយធំទេ
កម្ពុជាយើង នៅមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ហក់ឡើងដល់ ៣ ខ្ទង់ គួរឱ្យព្រួយបារម្ភ ខណៈករណីដែលរកឃើញ ជាវីរុសកូវីដ-១៩ ប្រភេទអូមីក្រុង។
យ៉ាងណាមិញ ស្របពេលទៅនឹងការរកឃើញឆ្លងដ៏ច្រើននេះ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ តាមរយៈលោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានបង្ហាញពីសកម្មភាព អ្នកជំងឺថ្មីសម្រាកព្យាបាលនៅពេទ្យ នៅថ្ងៃទី ២២-០២-២០២២ វេលាម៉ោង ១៧ : ៣០ ព្រមទាំងបញ្ជាក់ឱ្យដឹងថា មេរោគបំប្លែងថ្មីអូមីក្រុង ( Omicron ) ចាប់ផ្តើមវាយលុកក្នុងសហគមន៍ សូមឱ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តន៍វិធានការ ៣ កុំ ៣ ការពារ។
បន្ថែមលើសពីនេះ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ឱ្យដឹងទៀតថា ៖ «ជំងឺកូវីដ-១៩ មិនមែនជាជំងឺផ្តាសាយធម្មតា (common cold) ផ្តាសាយធំ (Flu) នោះទេ ទោះបីប្រភេទមេរោគបប្លែងថ្មីអូមីក្រុងនេះ មានកម្រិតស្រាលជាងក៏ដោយ ប៉ុន្តែឆ្លងខ្លាំង (៨០ % ទៅ ២០០ %) ជាពិសេសការឆ្លងខ្ពស់ដល់កូនក្មេងតូចៗ ធៀបនឹងមេរោគបំប្លែងមុនៗ ( Alpha , Delta….) ហើយអត្រាឈឺធ្ងន់សម្រាកពេទ្យ និងអត្រាមរណភាព នៅជាក្តីកង្វល់ដដែលរបស់អង្គការសុខភាពពិភពលោក ជាពិសេសលើបុគ្គលដែលមានហានិភ័យសុខភាពស្រាប់»៕