ក្រសួងបរិស្ថាន ថ្លែងអំណរគុណលោកស្រី Angelina Jolie ក្នុងជំនួបព្រឹកមិញ ក្រោយបានជួយរឿងនេះដល់កម្ពុជា
នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ លោកស្រី Angelina Jolie មានជំនួបគួរសមមួយ រវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នៅអំឡុងលោកស្រី ធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបស្វាគគមន៍ដ៏កក់ក្ដៅនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះលោកស្រី Angelina Jolie តារាភាពយន្តហូលីវូដដ៏ល្បីល្បាញ ដែលបានចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និង អភិរក្សធនធានធម្មជាតិ នៅតំបន់ប្រើប្រាស់ច្រើនយ៉ាង សំឡូត និង ការសហការលើផ្នែកផ្សេងៗទៀត។
បន្ថែមលើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ក៏បានគូសបញ្ជាក់ ពីការបន្តកិច្ចសហការ និង ការគាំទ្រ របស់ក្រសួងបរិស្ថាន ចំពោះគម្រោងអភិរក្ស ដែលផ្តួចផ្តើមដោយលោកស្រី Angelina Jolie។
គួរឱ្យដឹងផងដែរថា តំបន់ប្រើប្រាស់ច្រើនយ៉ាង ជាតំបន់ដែលផ្ដល់នូវភាពស្ថិតស្ថេរលើប្រភពទឹក ព្រៃឈើ សត្វព្រៃ ត្រី វាលស្មៅ និង ការកម្សាន្ដ ដែលតម្រូឱ្យមានការអភិវឌ្ឍន៍ អភិរក្សធម្មជាតិ ក្នុងគោលដៅចំបងនៃសកម្មភាពសេដ្ឋកិច្ច ខណៈ តំបន់ប្រើប្រាស់ច្រើនយ៉ាង សំឡូត មានទីតាំងស្ថិតនៅ ខេត្តបាត់ដំបង ដែលមានផ្ទៃដី ៦០ ០០០ ហិចតា៕
ប្រភព ៖ Ministry of Environment