ប្រឡូកសិល្បៈជាង ១០ ឆ្នាំ អេននី ហ្សាម អស់កម្លាំងចិត្តបន្តម្តងៗ ព្រោះមូលហេតុនេះ
មហាជនអ្នកគាំទ្រតារាចម្រៀង អេននី ហ្សាម ច្បាស់ជាបានជ្រាបមកហើយថា កាលពីពេលកន្លងមក កញ្ញាបានបាត់មុខឈឹងលើវិថីប្រមាណជា ៣ ឆ្នាំ ដោយមិនបានបង្ហាញវត្តមានលើឆាកតន្ត្រីនោះឡើយ សូម្បីតែកម្មវិធីជប់លៀងរបស់អ្នកសិល្បៈដូចគ្នាក៏កញ្ញាមិនសូវចូលរួមដែរ។
ក្នុងការបាត់ឈឹងជាច្រើនឆ្នាំនោះ កញ្ញា អេននី ហ្សាម ក៏ធ្លាប់បានប្រាប់ «ប្រជាប្រិយ» ដែរថា ក៏ព្រោះតែនាងឡើងគីឡូជាមុនខ្លាំងរហូតជាង ៥០ គីឡូ ទើបធ្វើឱ្យកញ្ញាមិនសូវចង់ទៅណាមកណា ឬ បង្ហាញវត្តមាននៅលើឆាកនោះឡើយ។
យ៉ាងណាថ្មីៗនេះ តារាចម្រៀងស្រីប្រចាំផលិតកម្មថោន រូបនេះក៏បានវិលត្រឡប់មកកាន់សិល្បៈវិញជាថ្មីដែរ ក្រោយពីកញ្ញាបានស្រកគីឡូវិញប្រមាណ ១០ គីឡូឯនោះ ហើយការវិលត្រឡប់មកម្តងនេះ កញ្ញា អេននី ហ្សាម ក៏មានបទចម្រៀងថ្មីមួយចំនួនទៀតផង។
បើទោះជាប្រឡូកក្នុងវិថីសិល្បៈប្រមាណជាង ១០ ឆ្នាំក្តី កញ្ញា អេននី ហ្សាម ក៏បានឱ្យដឹងថា នាងហាក់បាក់ទឹកចិត្តម្តងៗ រហូតចង់ឱ្យពេលវេលាថយក្រោយមិនចង់ចូលសិល្បៈនោះទេ។ នេះបើតាមកិច្ចសម្ភាសក្នុងកម្មវិធី «Star Show» របស់ទូរទស្សន៍ថោន។
កញ្ញា អេននី ហ្សាម បានបញ្ជាក់ច្បាស់ៗថា កន្លងមកនៅពេលចេញបទចម្រៀងថ្មីៗ មានមហាជនគាំទ្រ គឺនាងពិតជាសប្បាយចិត្ត ប៉ុន្តែនៅពេលដែលបាត់មុខមួយរយៈ ហើយចេញបទចម្រៀងមកមិនមានការគាំទ្រពិតជាពិបាកខ្លាំង និង បាក់ទឹកចិត្តមែនទែន ពោលគឺពិបាកក្នុងការស្តាកេរ្តិ៍ឈ្មោះត្រឡប់មកវិញតែម្តង៕