សហភាពអឺរ៉ុបថ្កោលទោសយ៉ាងចាស់ដៃ លើការដឹកនាំរបស់ពូទីនជាមួយនឹងទណ្ឌកម្មថ្មីដាក់កំហិតលើរុស្ស៊ី
ក្រោយលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជារឱ្យយោធារុស្ស៊ីដាក់កងកម្លាំងរារាំងរបស់ខ្លួន ដែលរួមមានអាវុធនុយក្លេអ៊ែរ លើ «កិច្ចប្រុងប្រយ័ត្នពិសេស» សេចក្តីប្រកាសរបស់លោកពូទីន ត្រូវបានគេថ្កោលទោសយ៉ាងចាស់ដៃ ចំពោះការលុកលុយរបស់លោកលើអ៊ុយក្រែន ហើយសហរដ្ឋអាមេរិក បានថ្កោលទោសភ្លាមៗ ចំពោះការសម្រេចចិត្តរបស់លោក ដោយហៅវាថា ជាការកើតឡើងមិនអាចទទួលយកបាន។
កាលពីសប្តាហ៍មុន ប្រធានាធិបតីរបស់រុស្ស៊ី លោកពូទីនបានព្រមានថា៖ «អ្នកណាដែលព្យាយាមរារាំងយើងនៅក្នុងប្រទេសអ៊ុយក្រែននឹងទទួលលទ្ធផលដែលអ្នកមិនធ្លាប់បានឃើញនៅក្នុងប្រវត្តិសាស្រ្តរបស់អ្នក»។ សម្តីទាំងនោះ ត្រូវបានគេបកស្រាយយ៉ាងទូលំទូលាយថា ជាសញ្ញាគំរាមកំហែងក្នុងការប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើលោកខាងលិចឈររារាំងផ្លូវរបស់លោក។ ការព្រមាននោះលេចកាន់តែច្បាស់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅពេលដែលលោកបានបញ្ជាឱ្យរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងជាប្រធានអគ្គសេនាធិការយោធា ដាក់កងកម្លាំងរារាំងនុយក្លេអ៊ែរលើ «របបពិសេសនៃកាតព្វកិច្ចប្រយុទ្ធ» របស់ប្រទេសរុស្ស៊ី ក្រោមការដឹកនាំផ្ទាល់របស់លោក ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបាននិយាយថា បទបញ្ជារារាំងនុយក្លេអ៊ែររបស់លោក ពូទីន គឺជាអំពើដែលមិនអាចទទួលយកបាន ខណៈដែលអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានពណ៌នាការអត្ថាធិប្បាយរបស់លោកពូទីនថាជា «វោហាសាស្ត្រដ៏គ្រោះថ្នាក់»។
បន្ទាប់ពីការប្រកាសរបស់លោក ពូទីន សហភាពអឺរ៉ុបពេលនេះបានចេញសេចក្តីប្រកាសដាក់ទណ្ឌកម្ម និងសកម្មភាពថ្មីៗដែលមិនធ្លាប់មានពីមុនមក ដើម្បីធ្វើការប្រឆាំងនឹងរុស្ស៊ី ជាអាទិ៍រួមមានៈ
• ការផ្តល់ហិរញ្ញប្បទានអាវុធសម្រាប់អ៊ុយក្រែន
• ការហាមប្រាមទាំងស្រុងលើយន្តហោះ និង ផ្លូវអាកាសរុស្ស៊ី ដែលប្រើប្រាស់ដែនអាកាសអធិបតេយ្យភាពរបស់សហភាពអឺរ៉ុប
• ការរារាំងប្រព័ន្ធផ្សព្វផ្សាយ Sputnik និង Russia Today លើទឹកដីសហភាពអឺរ៉ុប។
វិធានការទាំងនេះ ស្ថិតនៅលើលំដាប់កំពូលនៃទណ្ឌកម្មជាច្រើនដែលបានដាក់រួចហើយដោយប្រទេសលោកខាងលិច ដែលរួមមានការបង្កកទ្រព្យសកម្មលើធនាគារធំៗ នយោជក និង បុគ្គលអ្នកមាន រួមទាំងលោក ពូទីន ផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រទេស រុស្ស៊ី ជាមហាប្រទេសដែលស្តុកទុកអាវុធ នុយក្លេអ៊ែធំជាងគេបង្អស់លើពិភពលោក ប៉ុន្តែអង្គការ Nato ក៏មានសព្វាវុធគ្រប់គ្រាន់ដើម្បីបំផ្លាញរុស្ស៊ីផងដែរ ប្រសិនបើអាវុធទាំងអស់នោះ ត្រូវបានប្រើប្រាស់ដោយរុស្ស៊ីលើប្រទេសណាមួយ៕
ប្រភព៖ BBC News