ស្ទើរមិនជឿ! លោក អៀង ចេនឡាន លាអ្នកគាំទ្ររហូតហើយ ក្រោយធ្លាក់ខ្លួនឈឺធ្ងន់ត្រឹម ១២ ថ្ងៃ
កាលពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ មហាជន ជាពិសេសអ្នកនៅក្នុងរង្វង់សិល្បៈជាច្រើន មានការតក់ស្លុតយ៉ាងខ្លាំង ក្រោយពីពិធីករប្រចាំស្ថានីយទូរទ្សន៍ហង្សមាស លោក សុខ រ៉ាស៊ី បានប្រកាសថាបងប្រុសរបស់លោក គឺតារាពហុជំនាញ លោក អៀង ចេនឡា បានទទួលបានមរណភាព កាលពីវេលាម៉ោង ៨ និង ៣៨ នាទី ក្រោយពីបានដកអុកស៊ីសែន។
ដំណឹងខាងលើនេះ បានធ្វើឱ្យមហាជន និង អ្នកក្នុងរង្វង់សិល្បៈទាំងអស់នឹកស្មានមិនដល់ ក៏ព្រោះតែមរណភាពរបស់លោក អៀង ចេនឡា គឺពិតជាលឿនខ្លាំងពេក ដោយកាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ គេចាំបានថា លោក សុខ រ៉ាស៊ី ជាប្អូនប្រុសទើបតែប្រកាសស្វែងរកជំនួយឈាមដើម្បីបងប្រុស។ ក្នុងនោះ គេក៏ឃើញមានអ្នកគាំទ្រ និង មិត្តក្នុងសិល្បៈ ក៏បានស្វះស្វែងជួយដល់លោកទាំងកម្លាំងកាយ កម្លាំងចិត្ត និង ថវិកាថែមទៀតផង។
លើសពីនោះ បើគិតចាប់ពីថ្ងៃប្រកាសដំណឹងរបស់លោក សុខ រ៉ាស៊ី ជាប្អូនប្រុស ថ្ងៃទី ១៦ ខែកុម្ភៈ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ពីការធ្លាក់ខ្លួនឈឺម្ដងទៀតរបស់លោក អៀង ចេនឡា ហាក់មានសភាពធ្ងន់ធ្ងរខ្លាំង ជាជំងឺរលាកស្រោមខួរក្បាល គឺមានរយៈពេលត្រឹមតែ ១២ ថ្ងៃ ប៉ុណ្ណោះ។
មរណភាពរបស់លោក អៀង ចេនឡា បើទោះជាត្រូវបានប្រកាសនៅពេលយប់ទៅហើយក្តី ក្រឡេកទៅមើលបណ្តាញសង្គមហ្វេសប៊ុក គេសង្កេតឃើញមានតារាប្រុសស្រី និង មហាជនជាច្រើនបានបង្ហោះរូប និង សារចូលរួមរំលែកទុក្ខ ព្រមទាំងសោកស្តាយយ៉ាងខ្លាំងនៃការបាត់បង់មនុស្សល្អ មានសមត្ថភាពដូចជាលោក អៀង ចេនឡា៕