អបអរ! កំណាត់ផ្លូវជាតិលេខ ៣ ភ្នំពេញ-កំពត តម្លៃប្រមាណ ២១៥ លានដុល្លារ ដាក់ឱ្យប្រើនៅព្រឹកនេះហើយ
នៅព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៣ ពី ភ្នំពេញ-កំពត ដែលមានប្រវែងប្រមាណជាង ១៣៤ គីឡូម៉ែត្រ។
គួរឱ្យដឹងផងដែរថា កំណាត់ផ្លូវជាតិលេខ ៣ គឺជាខ្សែផ្លូវដ៏សំខាន់មួយ សម្រាប់ការធ្វើដំណើររបស់ពលរដ្ឋ និង ការដឹកជញ្ជូនទំនិញ រវាងរាជធានីភ្នំពេញ ទៅខេត្តកំពត កែប និង ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ខណៈមួយផ្នែកនៃកំណាត់ផ្លូវនេះ ក៏បានបម្រើដល់ការធ្វើដំណើរ និង ដឹកជញ្ជូនទំនិញ នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និង តាកែវ ផងដែរ។
កំណាត់ផ្លូវជាតិលេខ ៣ ភ្នំពេញ-កំពត អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន (CRBC) និង ត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ ២០១៨ ដល់អំឡុងខែ កក្កដា ឆ្នាំ ២០២១។
ការសាងសង់កំណាត់ផ្លូវនេះ បានចំណាយថវិកាសរុបប្រមាណជាង ២១៥ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា៕
ខាងក្រោមនេះ ជាទិដ្ឋភាពកំណាត់ផ្លូវជាតិលេខ ៣ ភ្នំពេញ-កំពត ៖
រូបភាព ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន