អរគុណគ្រូពេទ្យ! ស្ត្រីពោះធំទម្ងន់ ៩០ គីឡូ កើតកូវីដ ត្រូវគ្រូពេទ្យគន្ធបុប្ផាជួយសម្រាលកូនស្រី បានជោគជ័យ
ជារឿងដ៏គួរឱ្យស្ញើចសរសើរ ចំពោះគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបំពេញការងារជួយសម្រាលកូន ជូនស្ត្រីគ្រប់ខែ កើតជំងឺកូវីដ-១៩ បានដោយជោគជ័យ ដោយសម្រាលតាមបែបធម្មជាតិ កាលពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។
ទាក់ទិនទៅនឹងរឿងនេះ បើតាមការបញ្ជាក់ពីផេក Dr Beat Richner បានបញ្ជាក់ឱ្យបានដឹងថា ស្ត្រីគ្រប់ខែ វិជ្ជមានកូវីដ-១៩ ខាងលើ មានទម្ងន់ ៩០ គ.ក សម្រាលបានកូនស្រី ទម្ងន់ ៤,៦ គ.ក តាមធម្មជាតិ ដោយជោគជ័យ ក្រោមការបំពេញការងារដ៏ហ្មត់ចត់ ពីសំណាក់ក្រុមគ្រូពេទ្យយុទ្ធជនអាវស ផ្នែកសម្ភព នៅមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣)។
យ៉ាងណាមិញខាងមន្ទីរពេទ្យ បានបញ្ជាក់ឱ្យដឹងផងដែរថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើងនោះឡើយ ខណៈរាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារជីវិតមនុស្សពិតប្រាកដមែនុ៕