រសៀលនេះ! ពេទ្យមិត្តភាពខ្មែរ-សូវៀត បង្ហាញទិដ្ឋភាពពលរដ្ឋទៅយកសំណាក រក្សាគម្លាតបានយ៉ាងខ្ជាប់ខ្ជួន
នៅរសៀលថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ នេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបង្ហាញពីទិដ្ឋភាពប្រជាពលរដ្ឋ នាំគ្នាទៅយកសំណាក ធ្វើតេស្តម៉ាស៊ីនធំ PCR ដើម្បីរកជំងឺកូវីដ-១៩ ដែលក្នុងនោះគេសង្កេតឃើញ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានទៅធ្វើតេស្ត បានជួយរក្សាសណ្ដាប់ធ្នាប់ ក្នុងការយកសំណាក នៅមន្ទីរពេទ្យមិត្តខ្មែរ-សូវៀត រួមទាំងអនុវត្តវិធានសុខាភិបាល ៣ កុំ ៣ ការពារ ផងដែរ។
យ៉ាងណាមិញ គួររំឭកផងដែរថា កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដដែល បានសង្កេតឃើញថា រយៈពេលចុងក្រោយនេះ មានបងប្អូនប្រជាពលរដ្ឋ បានទៅធ្វើតេស្ដកូវីដ-១៩ (PCR) មានការកើនឡើង ដូច្នេះហើយ ទើបខាងមន្ទីរពេទ្យ សូមឱ្យអ្នកទៅធ្វើតេស្ត រក្សាគម្លាតសុត្ថិភាព ដោយមន្ទីរពេទ្យ មានតួនាទីជាអ្នកយកសំណាក ហើយផ្ញើសំណាកទាំងនេះទៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) ដើម្បីធ្វើតេស្តម៉ាស៊ីន PCR និង ទទួលលទ្ធផល។
បន្ថែមលើសពីនេះ ខាងមន្ទីរពេទ្យ ក៏បានបញ្ជាក់ផងដែរថា គ្រប់ការប្រមូលសំណាកនេះទាំងអស់ គឺមិនតម្រូវឱ្យបង់ប្រាក់នោះទេ។ លើកលែងតែ ជនបរទេស ឬ អ្នកដែលត្រូវការលិខិតបញ្ចាក់ ដើម្បីយកឱ្យអង្គការ ឬ ស្ថាប័នឯកជន ដែលគាត់ធ្វើការតែប៉ុណ្ណោះ៕