ដើម្បីជាតិ! ពលរដ្ឋអ៊ុយក្រែន ពួតដៃគ្នាចាប់កាន់អាវុ-ធ និងច្នៃគ្រាប់បែកដប ទុកប្រឆាំងទ័ពរុស្សី
គិតត្រឹមថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ នេះ ជាថ្ងៃទី ០៧ ហើយ ដែលប្រទេសមហាអំណាចយោធា រុស្សី បានធ្វើការវាយលុកទៅកាន់ប្រទេសអ៊ុយក្រែន ពោលគឺ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ រុស្សីបានបើកឆាកវាយប្រហារ ទីតាំងយុទ្ធសាស្រ្តសំខាន់ៗ របស់អ៊ុយក្រែន ធ្វើឱ្យប្រជាជនអ៊ុយក្រែន នាំគ្នាភៀសខ្លួនចេញពីទីក្រុង ខណៈអ្នកខ្លះទៀត លាចាកក្រុមគ្រួសារ ដើម្បីចូលរួមជាមួយកងទ័ព នៅក្នុងសមរភូមិដ៏ក្ដៅគគុកមួយនេះ។
ទន្ទឹមនឹងនោះ យោងតាមសារព័ត៌មានបរទេស VOX នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យបានដឹងថា បច្ចុប្បន្ន ប្រជាជនអ៊ុយក្រែនគ្រប់វ័យ កំពុងតែនាំគ្នាដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារប្រទេសរបស់ខ្លួន ពីកងកម្លាំងរុស្ស៊ី ដោយក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជនស៊ីវិលជាច្រើន បាននាំគ្នាស្ម័គ្រចិត្ត ៖
– ចាប់កាន់អាវុធ
– ផលិតគ្រាប់បែកដែលផលិតដោយខ្លួនឯង ច្នៃមកពីដប
– ស្ម័គ្រចិត្តបម្រើជាមួយកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងការពារដែនដីអ៊ុយក្រែន (TDF) ដែលជាអ្នកយាមស៊ីវិល ដែលបានរៀបចំ
– ជួយផលិតមុង និងតង់សម្រាប់ក្រុមទាហាន
យ៉ាងណាមិញ នេះជាសកម្មភាពដែលបង្ហាញពីចលនាស្ម័គ្រចិត្តដ៏អង់អាចក្លាហាន ចេញពីដួងចិត្តប្រជាជនអ៊ុយក្រែន និងបង្ហាញឱ្យឃើញថា ការគាំទ្រផ្នែកស៊ីវិល នៅតែចាំបាច់សម្រាប់យោធា ខណៈអ៊ុយក្រែន ទ័ពសកម្មត្រឹម ២00 000 នាក់ ឯរុស្ស៊ីមានដល់ 900 000 នាក់ ហើយគ្រឿងយោធារបស់រុស្ស៊ី គឺធំជាង និងជឿនលឿនជាង បច្ចេកវិទ្យារបស់អ៊ុយក្រែន៕
ប្រភព ៖ Vox