ទោះបី Paing ធ្លាក់សម្រស់ អាប់សម្បុរយ៉ាងណា ក៏មានមហាជនគាំទ្រខ្លាំងលើសដើម
ដំណឹងវិលត្រឡប់មកមានសេរីភាពឡើងវិញរបស់តារាសម្ដែងរូបសង្ហាមីយ៉ាន់ម៉ា Paing Takhon ត្រូវបានប្រកាសសុះសាយពេញបណ្ដាញសង្គម ដោយមហាជនដែលស្រឡាញ់គាំទ្រលោកកន្លងមក បាននាំគ្នាចែករំលែកតៗគ្នាដោយសេចក្ដីសប្បាយចិត្តជាខ្លាំងនោះ ព្រោះថាអ្នកគាំទ្រខានឃើញវត្តមានតារាសម្ដែងរូបនេះនៅលើបណ្ដាញសង្គមជិត ១ ឆ្នាំមកហើយ ដោយការផុសចុងក្រោយរបស់លោក គឺតាំងពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ មកម្ល៉េះ។
ទន្ទឹមនឹងការសម្ដែងក្ដីអបអរសាទរចំពោះការវិលមកមានសេរីភាពឡើងវិញរបស់ Paing Takhon ក្នុងនោះក៏មានមហាជនអ្នកគាំទ្រលោកជាច្រើនចង់ឃើញមុខមាត់របស់លោកបន្ទាប់ពីបាត់ខ្លួនអស់ជិត ១ ឆ្នាំមកនេះជាខ្លាំង។
ដ្បិតថា Paing Takhon មិនបានបង្ហោះរូបថតថ្មីរបស់លោកនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនក៏ពិតមែន តែមានមិត្តរបស់លោកម្នាក់បានបង្ហោះរូបថតរវាងអ្នកទាំងពីរ ដែលមហាជនឃើញហើយមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះថាពេលនេះ Paing ហាក់ធ្លាក់សម្រស់ មុខមាត់សម្បុរស្បែកខ្មៅស្រអាប់ ថែមទាំងមានពុកចង្ការទៀត។ តែទោះបីជាបែបនេះ មហាជនជាច្រើននៅតែស្រឡាញ់គាំទ្រលោកទ្វេដង ព្រោះតែបេះដូងលោកសស្អាតជារូបសម្រស់ខាងក្រៅទៅទៀត។
គួរបញ្ជាក់ថា នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រហាក់មានក្ដីរំភើបចិត្តជាពន់ពេក ក្រោយទទួលបានដំណឹងច្បាស់ការថា តារាសម្ដែងប្រុសរូបសង្ហា លោក Paing Takhon ត្រូវបានរដ្ឋាភិបាលដោះលែងឱ្យមានសេរីភាពឡើងវិញ៕