បង្ហាញប្រវត្តិឆ្មាតំណាងជាតិរុស្ស៊ី និង ការដាក់ទណ្ឌកម្មមិនឱ្យចូលប្រកួតសម្រស់សត្វឆ្មាអន្តរជាតិ FIFe
«Russian Blues» ជាពូជឆ្មាសម្បុរខៀវក្រមៅរបស់រុស្ស៊ី ដែលមានកិត្តិស័ព្ទល្បីរន្ទឺថាបានប៉ះស្តេចអង់គ្លេស និង ដើរលើកម្រាលព្រំនៃរាជវាំងចក្រភពអង់គ្លេសទីក្រុងឡុងនៅគ្រឹស្តសករាជ ១៨៧៥ មុនសង្គ្រាមលោកលើកទី ២។ ឆ្មានេះជាពូជតំណាងជាតិរុស្ស៊ី និង ជាទីមោទកភាពនៃជាតិរុស្ស៊ីទាំងមូលរាប់សតវត្សរ៍។
សហព័ន្ធប្រកួតសម្រស់សត្វឆ្មាអន្តរជាតិ ហៅកាត់ថា FIFe បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ដោយសារតែការលុកលុយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន FIFe បានដាក់ពិន័យលើ សត្វឆ្មារុស្ស៊ីពីការប្រកួតអន្តរជាតិ រហូតដល់ខែមិថុនាយ៉ាងតិចបំផុត។
អង្គភាពនេះបាននិយាយថា ៖ «ក្រុមប្រឹក្សាភិបាលរបស់ FIFe បានផ្តល់កិច្ចសម្ភាសថា ការដាក់ពិន័យនេះវារួមចំណែកលើការដាក់ទណ្ឌកម្មលើភាពអមនុស្សធម៌របស់រដ្ឋនោះ ដោយវាល្អប្រសើរជាជាងការមិនធ្វើអ្វីសោះ»។ គេបានកត់សម្គាល់ថា ក្រៅពីមនុស្សជាងមួយលាននាក់ត្រូវបានផ្លាស់ទីលំនៅចំពេលមានអំពើហិង្សានៅអឺរ៉ុបខាងកើត សត្វចិញ្ចឹមក៏ត្រូវបានរងផលប៉ះពាល់ផងដែរ។ សហព័ន្ធបាននិយាយថា ខ្លួននឹងបរិច្ចាគថវិការបស់ខ្លួន ដើម្បីជួយអ្នកចិញ្ចឹមសត្វឆ្មានៅប្រទេសអ៊ុយក្រែន។
ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្សីក៏ហាមប្រាមផងដែរនូវពូជឆ្មានៅក្នុងប្រទេសរុស្ស៊ីពីការចុះបញ្ជីនៅក្នុងសៀវភៅ FIFe pedigree ណាមួយនៅក្រៅតំបន់។ «យើងសង្ឃឹមយ៉ាងមុតមាំថា ការដាក់ពិន័យនេះនឹងជាប្រយោជន៍ដល់សម្ពន្ធមិត្តអ៊ុយក្រែនរបស់យើងឆាប់ឆ្លងផុតស្ថានភាពដ៏អាក្រក់នេះ ហើយយើងសូមជូនពរឱ្យពួកគេមានភាពក្លាហាន និង សំណាងល្អតទៅ!»។ មន្ត្រីសហព័ន្ធបានបន្ថែម។
គួបបញ្ជាក់ផងដែរថា សហភាពប្រកួតសម្រស់ឆ្មាអន្តរជាតិ FIFe គឺជាអង្គការសហប្រជាជាតិនៃសហព័ន្ធឆ្មាអន្តរជាតិ ដែលមានកិច្ចចូលរួមពីសហភាពសមាជិក ៤០ ប្រទេស ទូទាំងពិភពលោក ដែលយោងតាមគេហទំព័ររបស់ FIFe សហព័ន្ធបានរៀបចំដំណើរការកម្មវិធីប្រកួតតាំងពីឆ្នាំ ១៩៤៩ មកម្ល៉េះ ហើយនេះជាលើកទី ១ ហើយ ដែលសហព័ន្ធអន្តរជាតិដ៏ធំនេះ បានដាក់ទណ្ឌកម្មលើការប្រកួតសត្វឆ្មាដែលនាំចូលពីប្រទេសរុស្ស៊ី ដែលដឹកនាំដោយលោក វ៉្លាដេមៀ ពូទីន៕
ប្រភព៖ New York daily News