ពូទីន លេងខ្លាំងៗថា ប្រទេសណាហ៊ានដាក់ទណ្ឌកម្ម មិនខុសអីពីការប្រកាសសង្គ្រាមនឹងរុស្ស៊ីឡើយ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា ៖ «ការដាក់ទណ្ឌកម្មលើប្រទេសខ្លួន ដោយសហគមន៍ប្រទេសលោកខាងលិច ជុំវិញការលុកលុយរបស់គាត់លើអ៊ុយក្រែន គឺមិនខុសពីការប្រកាសសង្រ្គាមនោះទេ» ។
លោក ពូទីន ក៏បានព្រមានផងដែរថា ការប៉ុនប៉ងដាក់តំបន់រារាំងការហោះហើរលើអ៊ុយក្រែន នឹងត្រូវរាប់បញ្ចូលថា មានចេតនាចូលរួមនៅក្នុងជម្លោះប្រដាប់អាវុធ។ មិនតែប៉ុណ្ណោះប្រធានាធិបតីរុស្ស៊ីរូបនេះ បានច្រានចោលការលើកឡើងដែលថា លោកនឹងដាក់បញ្ចូលរដ្ឋខ្លួនក្នុងគ្រាអាសន្ន ឬ ច្បាប់អាជ្ញាសឹកក្នុងប្រទេសរុស្ស៊ី។ នេះជាសេចក្តីថ្លែងការរបស់លោក ពូទីន ក្នុងសន្និសីទសារព័ត៌មាន ជាមួយអ្នកបម្រើការលើយន្តហោះក្នុងវគ្គបណ្តុះបណ្តាល Aeroflot ក្បែរទីក្រុងមូស្គូកាលពីពេលកន្លងទៅ។
គួបបញ្ជាក់ផងដែរថា ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន រយៈពេល ១០ ថ្ងៃ លោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ី រួមទាំងការបង្កកទ្រព្យសម្បត្តិបរទេសជាច្រើនរបស់លោក ពូទីន រួមទាំងការដកធនាគាររុស្ស៊ីមួយចំនួនចេញពីប្រព័ន្ធទូទាត់អន្តរជាតិ Swift ផងដែរ។ លើសពីនេះ ក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើនបានបញ្ឈប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីជាបន្តបន្ទាប់ផងដែរ។
វិធានការសេដ្ឋកិច្ចបានធ្វើឱ្យរូបិយប័ណ្ណរូបលរបស់រុស្ស៊ីធ្លាក់ចុះតម្លៃរួចហើយ និង បានបង្ខំឱ្យធនាគារកណ្តាលរុស្ស៊ីដំឡើងអត្រាការប្រាក់ទ្វេដង។ នៅក្នុងការអត្ថាធិប្បាយចុងក្រោយបំផុត លោក ពូទីន បានបន្ថែមទៀតថា ខ្លួនកំពុងស្វែងរកភាពត្រឹមត្រូវនៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ដោយអះអាងម្តងទៀតថា លោកកំពុងស្វែងរកការការពារសហគមន៍និយាយភាសារុស្ស៊ីនៅទីនោះ ហើយកិច្ចការងារយោធាដែលកំពុងអនុវត្តនៅប្រទេសអ៊ុយក្រែន គឺនៅតែបន្តតាមផែនការសម្រេចចិត្តរបស់លោក គ្មានការផ្លាស់ប្តូរអ្វីទាំងអស់៕