ទ្រាំលែងបាន! ស៊ឹម សុរ៉ាមភូមិ ដាក់ពាក្យប្តឹងនារីម្នាក់បង្ហោះថាលោកជំពាក់លុយ និង អ្នកបន្លំជាលោក
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាអ្នកគាំទ្រតារាសម្តែងលោក ស៊ឹម សុរ៉ាមភូមិ ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីមាននារីម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Ah Ry បានបង្ហោះរូបភាព និង លើកឡើងថាលោកជំពាក់លុយនាង។
ការបង្ហោះរបស់នារីរូបនោះដែរ ក៏ត្រូវបានលោក ស៊ឹម សុរ៉ាមភូមិ ចេញមុខបដិសេធភ្លាមៗ ព្រោះបុគ្គលដែលបានខ្ចីលុយនាង មិនមានជារូបលោកឡើយ ពោលគឺមានជនអនាមិកបានយករូបភាពរបស់លោកទៅក្លែងបន្លំ និង ខ្ចីលុយនារីរូបនោះ។ ជាងនេះទៅទៀត គណនីហ្វេសប៊ុក ដែលបានបន្លំដាក់រូបធ្វើជារូបលោកនោះ ក៏បានបង្ហោះព័ត៌មានផ្តេសផ្តាសជាច្រើនថែមទៀតផង។
យ៉ាងណាមិញ នៅថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២២ នេះ លោក ស៊ឹម សុរ៉ាមភូមិ ហាក់មិននៅស្ងៀមនោះឡើយ គឺលោកបានទៅដល់ក្រសួងមហាផ្ទៃដើម្បីដាក់ពាក្យបណ្តឹងដល់អ្នកបង្កាច់បង្ខូចឈ្មោះរូបលោក និង បុគ្គលដែលបានយករូបភាពរបស់លោកទៅក្លែងបន្លំនៅលើបណ្តាញសង្គមហ្វេសប៊ុក។
ក្នុងការទៅដាក់ពាក្យបណ្តឹងនោះដែរ លោក ស៊ឹម សុរ៉ាមភូមិ បានរៀបរាប់ថា ៖ «ពាក្យបណ្ដឹងខ្ញុំបានដាក់រួចរាល់ហើយបាទ។ អរគុណដល់បងៗ ដែលនៅក្រសួងមហាផ្ទៃដែលបានជួយសម្រួលការងារដោយយកចិត្តទុកដាក់បំផុតសម្រាប់ខ្ញុំ អរគុណច្រើ។ ខ្ញុំនឹងធ្វើការឡាយនិយាយបកស្រាយរឿងនេះ នៅម៉ោង ៦ ល្ងាច។ អគុណបងប្អូនដែលស្រឡាញ់ជឿជាក់មកលើខ្ញុំ! អគុណសម្រាប់ការជួយស៊ែរ»៕