រំជួលចិត្តបំផុត ពេលដឹងមូលហេតុដែល Tono ពាក់អាវខ្មៅប្លែកពីគេឯង ក្នុងពិធីបុណ្យសព Tangmo
កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ គឺជាថ្ងៃបញ្ចប់ចុងក្រោយនៃពិធីបុណ្យសពរបស់តារាស្រី Tangmo ដែលធ្វើឡើងនៅព្រះវិហារធំទំនើបមួយកន្លែងនាក្រុងបាំងកក ដោយក្នុងនោះមានការចូលរួមជាច្រើនពីសំណាក់តារាល្បីៗជាច្រើន ជាពិសេសនោះ គេក៏បានឃើញវត្តមានអតីតស្វាមីរបស់នាង គឺលោក Tono ផងដែរ។
ក្នុងនោះ វត្តមានរបស់តារាប្រុសរូបនេះ បានធ្វើឱ្យមហាជនរំជួលចិត្តជាខ្លាំង ដោយលោកមកអង្គុយក្នុងពិធីទាំងទឹកមុខក្រៀមក្រំសោកសៅជាខ្លាំង ចុងក្រោយក៏ថែមទាំងទប់ទឹកភ្នែកមិនបាន យំគគ្រូក ហាក់នឹកស្រណោះដល់អតីតភរិយា រហូតដល់មានអ្នកមកជួយឱបលួងលោមផងដែរ។
យ៉ាងណាមិញ គេក៏សង្កេតឃើញថា ឈុតដែលលោកបានពាក់មកនេះ គឺហាក់ប្លែកពីគេព្រោះតែជាឈុតខ្មៅ ខុសពីគេឯងដែលសុទ្ធតែពណ៌ផ្កាឈូក និង ពណ៌ស ប៉ុន្តែបើដឹងការពិតហើយ ពិតជារំជួលចិត្តណាស់។
ទាក់ទងនឹងរឿងនេះ មានប្រភពមួយបានឱ្យដឹងថា តាមពិតទៅអាវក្រៅពណ៌ខ្មៅដែលលោកបានពាក់មកនោះ គឺជាអាវដែល Tangmo បានទិញឱ្យលោក តាំងពីនៅរួមរស់ជាមួយគ្នាជាប្តីប្រពន្ធមកម្ល៉េះ លោកក៏ធ្លាប់ពាក់រួចមកហើយដែរ។
ចំណែក ការពាក់មកលើកនេះ មើលទៅគឺលោកហាក់ចង់រំលឹកអនុស្សាវរីយ៍ ក៏ដូចជាចង់ឱ្យ Tangmo ដឹងថា លោកនឹងនៅតែចងចាំនាងរហូតទៅ ទោះជានាងបានចាកចេញទៅគ្មានថ្ងៃត្រលប់ក៏ដោយ។
យ៉ាងណាមិញ មហាជនពិតម្នាក់ៗស្ទើរទប់ទឹកភ្នែកមិនបានឡើយ ពេលដឹងហេតុផលបែបនេះ ព្រោះមិននឹកស្មានថា Tono នៅតែរក្សារបស់ទាំងនេះទុក ហើយនៅតែមានមនោសញ្ចេតនាជ្រៀលជ្រៅ ចំពោះអតីតភរិយាយ៉ាងនេះសោះ៕