កាន់តែធ្ងន់! កូវីដផ្ទុះខ្លាំងនៅហុងកុង កន្លែងដាក់ស-ពឡើងពេញហៀរ រីឯមឈូសវិញក៏ជិតដាច់ស្តុក
មួយរយៈចុងក្រោយនេះ ទីក្រុងហុងកុង គឺមានការផ្ទុះឆ្លងខ្លាំងមិនធម្មតា ដែលជាហេតុធ្វើឱ្យកន្លែងដាក់សពនៅពេលនេះ គឺពេញហៀរខ្លាំង រហូតខាងអាជ្ញាធរត្រូវបង្ខំចិត្តប្ដូរសពអ្នកកើតកូវីដយកទៅដាក់ក្នុងកុងតឺន័រក្លាសេវិញ។
រយៈពេលមិនដល់ ៣ ខែផង ចាប់តាំងពីកូវីដ-១៩ ផ្ទុះឡើងវិញជាថ្មីនេះ ក្រុងហុងកុង គឺរកឃើញមានអ្នកឆ្លងរហូតដល់ជាង ៧០ ម៉ឺននាក់ និង ជាង ៤៥ ០០ នាក់បានបាត់បង់ជីវិត ដោយភាគច្រើននៃអ្នកដែលបានស្លាប់នោះ គឺជាមនុស្សវ័យចំណាស់ដែលមិនបានចាក់វ៉ាក់សាំង។
ក្នុងនោះដែរ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ខាងសារព័ត៌មានប្រចាំ ហុងកុង បានទម្លាយរូបភាពនៃបុគ្គលិកពេទ្យជួរមុខ បានដឹកជញ្ជូនសពអ្នកជំងឺកូវីដ-១៩ យកទៅដាក់ក្នុងកុងតឺន័រក្លាសេ ដែលដាក់នៅក្រៅកន្លែងទុកសាកសព Fu Shan។ បើតាមអ្នកតំណាងម្នាក់ដែលធ្វើការនៅកន្លែងធ្វើពិធីបុណ្យសពនៅហុងកុងបានថ្លែងប្រាប់សារព័ត៌មានក្នុងតំបន់ថា ការផ្ទុះកើនករណីស្លាប់ភ្លាមៗនេះ បានបណ្ដាលឱ្យចំនួនមឈូសកាន់តែចុះខ្លាំង ដែលបច្ចុប្បន្នសល់ត្រឹម ៣០០ មឈូសប៉ុណ្ណោះ ហើយនឹងរំពឹងថានឹងដាច់ស្តុកនៅចុងសប្ដាហ៍នេះ។
ដោយឡែកនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ ដដែលនេះ លោកស្រី Carrie Lam ថ្លែងក្នុងសន្និសីទកាសែត ដោយទទួលស្គាល់ថា មឈូសគឺពិតជាជិតអស់ពិតមែន ដោយលោកស្រីបន្ថែមដែរថា មឈូសចំនួន ២ ជើងទៀតកំពុងដឹកតាមកប៉ាល់មកពីដីគោក នឹងមកដល់ក្នុងក្រុងឆាប់ៗខាងមុខនេះ៕