នៅព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ នេះ គេសង្កេតឃើញអ្នកដំណើរជាតិ-អន្តរជាតិចូលមកកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហាក់មានសភាពណែនណាន់គួរឱ្យកត់សម្គាល់ ក្រោយ កម្ពុជា ប្រកាសលុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេស បង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល ៧២ ម៉ោង មុនមកដល់កម្ពុជា និង លុបចោល ការតម្រូវឲ្យធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា និង អនុញ្ញាតបើកឡើងវិញ ការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិ។
គួររំឭកផងដែរថា កាលពីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការសម្រេចរបស់គណៈប្រចាំការ នៃគ.ប.ក. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ដែលបានសម្រេច ៖
១. លុបចោល លក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេស ត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល ៧២ ម៉ោង មុនពេលមកដល់កម្ពុជា។
២. លុបចោល ការតម្រូវឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា។
៣. អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និង ផ្លូវទឹក។
បន្ថែមលើសពីនេះ ក្រសួងបានបញ្ជាក់ឱ្យដឹងផងដែរថា ទោះបីមានការលុបចោល លក្ខខណ្ឌតម្រូវដូចមានចែងក្នុងចំណុចទី ១ និង ទី ២ ខាងលើនេះក៏ដោយ ក្រសួងសូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង។ ជាមួយគ្នានេះ អ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។
ដោយឡែក ចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬ អាជ្ញាធរមានសមត្ថកិច្ច៕
រូបភាព ៖ BTV Cambodia