Yaya ទម្លាយទិដ្ឋភាព និង សារក្នុងថ្ងៃកំណើតយ៉ាងរំភើប ខណៈកំពុងជាប់ខ្លួនព្យាបាលកូវីដ
រឹតតែជាពេលវេលាដ៏ផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់គូស្នេហ៍កំពូលតារាសម្ដែងថៃ Nadech Kugimiya និង Yaya Urassaya បើសិនជាប្រិយមិត្តនិយមតាមដានឃើញនូវភាពផ្អែមល្ហែមមិនជិនណាយចេញមកខាងក្រៅរបស់អ្នកទាំងពីរ។
យ៉ាងណាមិញ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ គឺជាថ្ងៃកំណើតអាយុ ២៩ ឆ្នាំ របស់តារាស្រី Yaya បានឃើញថា Nadech ជាមិត្តប្រុសក៏បានបង្ហោះរូបភាពគូដែលគេមិនធ្លាប់បានឃើញជាមួយនាងផងដែរ។ ដោយភ្ជាប់ជាមួយសារជូនពរយ៉ាងផ្អែមល្ហែមថា ៖ «រីករាយថ្ងៃកំណើតដល់នារីដែលខ្ញុំស្រឡាញ់ជាងគេលើលោក»។
ថ្វីដ្បិតថា ថ្ងៃកំណើត Yaya ឆ្នាំនេះ អ្នកទាំងពីរមិនបានជួបគ្នាក៏ដោយ ក៏ព្រោះតែតារាស្រីរូបនេះ ជាប់ខ្លួនកំពុងព្យាបាលជំងឺកូវីដ-១៩ ប៉ុន្តែក្នុងថ្ងៃពិសេសនោះ Yaya ផ្ទាល់ ក៏រំភើបចិត្តបានបង្ហោះរូបភាពរបស់នាងនៅដាច់ដោយឡែក កាន់ជាមួយនំខេកនៅលើ Instagram ព្រមទាំងពោលពាក្យអរគុណអ្នកគាំទ្រផងដែរថា ៖ «អរគុណសម្រាប់ការជូនពរថ្ងៃកំណើតណា៎ចាស គ្រប់ការជូនពរ ធ្វើឱ្យមនុស្សស្រីម្នាក់នេះសប្បាយចិត្តខ្លាំងណាស់ ខ្ញុំនឹងធ្វើខួបនៅជ្រុងខាងលើ ជាមួយនឹងមិត្តកូវីដរបស់ខ្ញុំ សម្រាប់ការស្រឡាញ់យ៉ាងខ្លាំង»៕