រំជួលចិត្ត! Sam Yuranan ទប់ទឹកភ្នែកមិនជាប់យំកណ្តាលឆាក ពេលច្រៀងបទរំឭកដល់ Tangmo
អស់រយៈពេលជិត ១ ខែទៅហើយ ដែលតារាស្រី Tangmo បានចាកចេញទៅគ្មានថ្ងៃត្រលប់ ធ្វើឱ្យគ្រួសារ មិត្តភក្តិ បងប្អូនទាំងឡាយ ពិបាកនឹងធ្វើចិត្តទទួលយករឿងនេះណាស់ ព្រោះនាងជាមនុស្សល្អតស៊ូមួយរូប ហើយម្នាក់ៗក៏មានអនុស្សាវរីយ៍ជាមួយនាងមិនតិចដែរ។
ក្រោយពីការឃ្លាតឆ្ងាយរបស់ Tangmo មិត្តភក្តិរួមអាជីព ក៏ដូចជាមិត្តរួមការងារជាមួយនាងជាច្រើន តែងតែរំឭកពីនាងមិនដាច់នោះទេ គេនៅតែនឹកស្រណោះមិនអស់អាល័យឡើយ ហើយមិត្តភក្តិអ្នកធ្លាប់សម្តែងជាមួយនាងខ្លះ ក៏បានមកជុំគ្នារំឭកអនុស្សាវរីយ៍ជាមួយនាងទាំងទឹកភ្នែកផងដែរ។
យ៉ាងណាមិញ មិនខុសអ្វីពីតារាចម្រៀង និង តារាសម្តែង លោក Sam Yuranan ដែលធ្លាប់សម្តែងរឿងល្បី «បេះដូងប្រែកាយ» ជាមួយ Tangmo ឡើយ ដោយកាលពីថ្មីៗនេះ លោកបានឡើងច្រៀងនៅកម្មវិធី The Golden Song រំឭកពីនាងទាំងទឹកភ្នែកតែម្តង។
ក្នុងកម្មវិធីនេះ លោកបានប្រាប់ថា នឹងលើកយកបទចម្រៀងមួយបទនៅក្នុងរឿង «បេះដូងប្រែកាយ» មកច្រៀង ដោយបានប្រាប់ថាជាចម្រៀងសម្រាប់ប្អូនស្រី។ បន្ទាប់មកស្រាប់តែពិធីករសួរថា ប្អូនស្រីមួយណា លោកក៏ចាប់ផ្តើមហូរទឹកភ្នែកអួលដើម-កយកតែម្តង មុននឹងរៀបរាប់រឿងរ៉ាវទាំងអស់។ លោកបានឱ្យដឹងថា លោកបានសម្តែងជាតួបងប្អូនបង្កើតជាមួយនឹង Tangmo នៅក្នុងរឿង «បេះដូងប្រែកាយ» ទើបយកចម្រៀងនៅក្នុងរឿងនេះមកច្រៀងឱ្យនាង។
ក្នុងនោះ ខណៈច្រៀងចម្រៀងនេះ Sam Yuranan បានហូរទឹកភ្នែកមិនដាច់ឡើយ មើលទៅប្រហែលជានៅនឹកស្រណោះអនុស្សាវរីយ៍ដែលធ្លាប់ឃើញមុខ និង សម្តែងជាមួយ Tangmo ហើយ។ ចំណែកមហាជនវិញ ក៏រំជួលចិត្តមិនចាញ់គ្នាប៉ុន្មាននោះដែរ ព្រោះមិននឹកស្មានថា នៅតែមានអ្នកស្រឡាញ់ស្រណោះនាងដូច្នេះនោះទេ៕
សូមទស្សនាវីដេអូខាងក្រោម៖