ម៉ម ពេជ្ជរិទ្ធ ពោលពាក្យនេះដាក់អ្នកគាំទ្រ បន្ទាប់ពីឪពុកម្តាយ ក្នុងឱកាសថ្ងៃកំណើត
ធ្មេចបើកៗរយៈពេលជិត ៤ ខែមកហើយ ដែលក្រុមតារាចម្រៀងល្បីឈ្មោះ Small World Small Band បានប្រកាសរំសាយក្រុមកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ កន្លងក្រោយសាងកេរ្តិ៍ឈ្មោះអស់រយៈពេលប្រមាណ ៩ ឆ្នាំនេះ ហើយការរំសាយក្រុម Small World Small Band ក៏បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង សោកស្តាយខ្លាំងណាស់ដែរ។
យ៉ាងណា បើទោះជាប្រកាសរំសាយក្រុមក្តី តែអតីតសមាជិកទាំង ៤ នៃក្រុមចម្រៀងដ៏ល្បីនេះ ក៏នៅតែសន្យាបន្តដំណើរលើវិថីសិល្បៈរៀងៗខ្លួនផងដែរ។
ក្នុងនោះ មកមើលអតីតសមាជិក ទាំង ៤ នៃក្រុម SWSB មកទល់ពេលនេះ គេឃើញមានសមាជិក ២ រូប ដូចជាលោក ម៉ម ពេជ្ជរិទ្ធ និង កញ្ញា រិទ្ធី លម្អកេសរ ហៅ Yuki បានបន្តបង្ហាញវត្តមានលើវិស័យតន្ត្រី។ ដោយឡែកអតីតប្រធានក្រុម លោក រៀម សុខភិរម្យ និង ដៃស្គរ លោក រ៉ុង សុភីដាវីដ ហាក់នៅរវល់នឹងការងារក្រៅសិល្បៈនៅឡើយ។
បើក្រឡេកមកមើលអតីតសមាជិក SWSB វ័យក្មេងជាគេ គឺលោក ម៉ម ពេជ្ជរិទ្ធ កាលពីពេលថ្មីៗនេះដែរ លោកក៏ទើបនឹងបានចេញបទចម្រៀងទោលថ្មី ក្រោយរំសាយក្រុមមានចំណងជើងថា «បាត់គោជួបស្នេហ៍» ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំង។
ស្របពេលក្លាយទៅជាតារាចម្រៀងឯករាជ្យនោះ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២ នេះ លោក ម៉ម ពេជ្ជរិទ្ធ ក៏បានបង្ហោះសារដ៏មានអត្ថន័យអរគុណដល់អ្នកគាំទ្រ បន្ទាប់ពីឪពុកម្តាយ អ្នកមានគុណ ដែលបានជូនពរលោកនៅថ្ងៃកំណើត។
សារដ៏មានន័យនោះ លោក ម៉ម ពេជ្ជរិទ្ធ រៀបរាប់ថា ៖ «សូមអរគុណបងប្អូនជាទីស្រឡាញ់ សម្រាប់ការជូនពរថ្ងៃកំណើតខ្ញុំ។ បន្ទាប់ពីគុណលោកពុក និង អ្នកម្តាយ អ្នកមានគុណ ដែលបានផ្តល់កំណើតកូន ខ្ញុំបាទមានតែម្រាមដៃដប់ សូមគោរពសំពះអរគុណដល់បងប្អូនទាំងអស់គ្នា ដែលគាំទ្រដំណើរសិល្ប:ចម្រៀងរបស់ខ្ញុំមកទល់ពេលនេះ។ ជីវិតមិនអាចរស់ខ្វះកម្លាំងចិត្តបាន ខ្ញុំបាទទទួលស្គាល់ពាក្យនេះ ព្រោះវត្តមានបងប្អូនទាំងអស់គ្នាធ្វើឱ្យវិថីជីវិតរបស់ខ្ញុំពោរពេញដោយអត្ថន័យ។ សូមបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខ សុខភាពល្អ សំណាងល្អគ្រប់ៗគ្នា»៕