ឃើញ គង់ ចាន់ស្រីមុំ កៀកកើយប្ដីខ្លួនពេក ផេនខេក មិនសំងំធ្វើតួឯក បោះពាក្យឌឺដងមួយឆ្ងាញ់
កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ គឺជាថ្ងៃមង្គលការរបស់តារាសម្ដែងស្រីដ៏ល្បី ទឹម រដ្ឋា និង ស្វាមីជនជាតិបរទេសរបស់នាង ក្នុងនោះគេឃើញមានសិល្បករ សិល្បការិនីជាច្រើនបានទៅចូលរួមផ្ដល់កិត្តិយសដល់កូនកំលោះកូនក្រមុំ ហើយអ្នកមានគូក៏បណ្ដើរគ្នាយ៉ាងត្រសងដូចលលកញីឈ្មោលបង្អួតពីភាពផ្អែមល្ហែមឱ្យមហាជនបានឃើញ។
ក្នុងនោះគេឃើញគូស្វាមីភរិយាដែលទើបរៀបការរួចថ្មោងថ្មីមួយគូ គឺតារាស្រី ផេនខេក និង ស្វាមី ក៏បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតកាន់ដៃគ្នាយ៉ាងស្អិតល្មួតទៅចូលរួមពិធីមង្គលរបស់ ទឹម រដ្ឋា ដែរ។ ដោយឡែករឿងដែលចាប់អារម្មណ៍ ផេនខេក បែរមិនបង្ហោះរូបថតស្វីតៗជាមួយស្វាមីសំណព្វចិត្តទេ បែរជាទៅបង្ហោះរូបថត គង់ ចាន់ស្រីមុំ ឈរកៀកកើយស្វាមីខ្លួននៅចំពោះមុខ ធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។
បង្ហាញតែរូបថតស្រីផ្សេងកៀកកើយប្ដីមិនអស់ចិត្ត ផេនខេក នៅរៀបរាប់ទៀតថា ៖ «ចឹងបានព័ត៌មានចេះតែចុះមិនខុសមែន ព័ត៌មានទាន់ហេតុការណ៍ម្តាយបង្កើតឱ្យភ្នែកកូនប្រសាត្រូវបានកូនស្រីវាយឡើងដំណំ ម្នាក់រ៉ូប-សហ្នឹងស្អាតសាហាវយាយមែន»។
យ៉ាងណាមិញ ទស្សនិកជនអ្នកគាំទ្រ ក៏ដូចជាអ្នកស្ថិតក្នុងចង្កោមសិល្បៈបានដឹងពីទំនាក់ទំនងរវាង គង់ ចាន់ស្រីមុំ និង ផេនខេន ហើយថាពួកគេជិតដិតគ្នាដូចបងប្អូន ហើយទង្វើខាងលើនេះ គ្រាន់តែជាការលេងសើចប៉ុណ្ណោះ៕