អេស្ប៉ាញ អនុញ្ញាតឱ្យអ្នកកើតកូវីដកម្រិតស្រាលទៅណាមកណាធម្មតា លែងតេស្ត និង ចត្តាឡីស័កដូចមុន
ប្រទេសអេស្ប៉ាញ សម្រេចអនុញ្ញាតឱ្យពលរដ្ឋដែលកើតកូវីដ-១៩ កម្រិតស្រាល គឺមិនចាំបាច់ត្រូវផ្ដាច់ខ្លួននៅផ្ទះ ឬក៏ធ្វើតេស្តអ្វីទៀតនោះឡើយ ដោយគេចាត់ទុកថា កូវីដ-១៩ ឥលូវគឺប្រៀបបីដូចជាជំងឺផ្ដាសាយធម្មតាប៉ុណ្ណោះ។
ចាប់ពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ នេះទៅ រដ្ឋាភិបាលប្រទេសអេស្ប៉ាញបានកំណត់ថា ពលរដ្ឋដែលឆ្លងកូវីដ-១៩ កម្រិតស្រាល អាចបន្តការងារប្រចាំថ្ងៃរបស់ពួកគេតាមធម្មតា។ ការធ្វើតេស្ត ឬ ចត្តាឡីស័កខ្លួននៅផ្ទះ ក្រោយការឆ្លងនោះ គឺមិនត្រូវបានចាត់ចូលជាវិធានការចាំបាច់ដូចកាលពីមុនទៀតនោះឡើយ។
ទោះជាយ៉ាងណា វិធានការនៅតែអនុវត្តដដែលលើអ្នកដែលប្រឈមមុខខ្ពស់ ដូចជាមនុស្សចាស់អាយុ ៦០ ឡើង អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ ស្ត្រីមានផ្ទៃពោះ និង បុគ្គលិកពេទ្យ។ ជាមួយនឹងវិធានការថ្មីនេះដែរ រាល់តំបន់ទាំងឡាយក្នុងប្រទេសអេស្ប៉ាញ គឺតម្រូវឱ្យអនុវត្តវិធានការតែមួយប៉ុណ្ណោះ គឺត្រូវពាក់ម៉ាស់ រាល់ពេលនៅទីសាធារណៈ លើឡានក្រុង រថភ្លើង និង លើយន្តហោះ៕
ប្រភព៖ VN Express