ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់អ្នកគ្រូ ណាលី ហើយ ដែលអ្នកគ្រូគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញ តាមរយៈការចែករំលែកចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រនៅក្នុងជីវិតរស់នៅ។
ថ្មីៗនេះផងដែរ តាមរយៈកម្មវិធីរបស់អ្នកគ្រូបានបកស្រាយពីរឿងដើម្បីបង្ការឆុងក្នុងថ្ងៃសែនឆេងម៉េង ឱ្យបានដឹងថា ជាធម្មតានៅពេលដែលយើងទៅកន្លែងបញ្ចុះសព ឬ កន្លែងឆេងម៉េង ដែលមានកន្លែងតែមួយ ធ្វើឱ្យយើងមិនអាចដឹងថា មានរបស់កខ្វក់ ឬ មានបញ្ហាអ្វីមកប៉ះយើងទេ ដូច្នេះដើម្បីការពារខ្លួន គឺត្រូវប្រើ អំបោះ ៥ ធាតុ ដែលបានន័យថា ជាអំបោះធាតុទាំង ៥។ កាលណា អំបោះធាតុទាំង ៥ មានភាពស្មើគ្នា បានន័យថា យើងអត់ចេះឆុងជាមួយគេទេ ដូចការពារខ្លួនយើងអ៊ីចឹងឯង។
បន្ថែមលើសពីនេះ អ្នកគ្រូបានបញ្ជាក់ទៀតថា អំបោះ ៥ ធាតុ គឺអំបោះធាតុទាំង ៥ មានធាតុទឹក ធាតុឈើ ធាតុភ្លើង ធាតុដី ធាតុមាស រួមបញ្ចូលគ្នា។ នៅពេលធាតុទាំង ៥ មានតុល្យភាព ក៏អាចជួយការពារយើងបានមួយចំនួនផងដែរ ហើយទាក់ទងទៅនឹងទិសឆុង ក៏អាចការពារបានមួយចំណែកដែរ ប៉ុន្តែមិនមែនបានន័យថា ការពារបាន ១០០ % ទេ ព្រោះវាប្រៀបបានទៅនឹងអាវក្រោះមួយ ការពារទប់បាននូវការឆុងល្មមៗ បើក្នុងលក្ខណៈឆុងខ្លាំងក៏ទប់មិនបានដូចគ្នា ដែលវាប្រសើរជាងយើង មិនមានអ្វីការពារខ្លួនសោះ៕