ក្តៅៗ! ពេលនេះរឿងក្តី Tangmo ធ្លាក់ដល់ដៃនាយកដ្ឋានស៊ើបអង្កេតពិសេស ផ្អែកលើលក្ខខណ្ឌទាំង ៥ នេះ
ជាង ១ ខែទៅហើយ ដែលក្រុមសមត្ថកិច្ច ក៏ដូចជាក្រុមគ្រូពេទ្យជំនាញដែលមកពី ៣ មន្ទីរពេទ្យផ្សេងគ្នា រួមសហការគ្នាក្នុងការស៊ើបអង្កេតទៅលើរឿងក្តីការស្លាប់របស់តារាស្រី Tangmo។
អ្វីដែលកាន់តែធ្វើមហាជននៅពុំសុខនោះគឺ អស់រយៈពេលជាង ១ ខែមកនេះ ក្រុមគ្រូពេទ្យនៅពុំទាន់សម្រេចលទ្ធផលការកោសល្យវិច័យយ៉ាងច្បាស់លាស់ណាមួយឱ្យមហាជន ក៏ដូចជាក្រុមគ្រួសារនៃសពបានដឹងការពិត និង អស់ចិត្តទៅលើរឿងក្តីមួយនេះនៅឡើយ។
រហូតមកទល់ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ស្រាប់តែម្តាយរបស់ Tangmo បានស្នើសុំបញ្ឈប់ការស៊ើបអង្កេតរបស់ក្រុមគ្រូពេទ្យ និង សមត្ថកិច្ច ដោយលោកស្រីបានស្នើសុំឱ្យក្រុមអ្នកស៊ើបអង្កេតពិសេស ដែលហៅកាត់ថា (DSI) ចូលមកលូកដៃក្នុងការស៊ើបទៅលើរឿងក្តីរបស់កូនស្រីវិញ ខណៈពេលកន្លងមកជាង ១ ខែហើយនៅពុំទាន់ដឹងមូលហេតុពិតនៃការស្លាប់ និង ទទួលបានយុត្តិធម៌ទៀតនោះ។
ជាមួយនឹងការស្នើសុំនោះដែរ ពេលនេះខាងក្រុមអ្នកស៊ើបអង្កេតពិសេស ដែលហៅកាត់ថា (DSI) ក៏បានចូលខ្លួនស៊ើបដោយផ្ទាល់ទៅលើរឿងក្តីមួយនេះហើយ ដោយផ្អែកលើលក្ខខណ្ឌទាំង ៥ នេះថា ៖ «១. កន្លងមកហាក់មានភាពរញ៉េរញ៉ៃដូចជា មានការប្រមូលភស្តុតាងច្រើនតែគ្មានលទ្ធផល ២. ចំពោះរឿងក្តីមួយនេះវាមានផលប៉ះពាល់មនុស្សជាច្រើននៅក្នុងសង្គម និង ប៉ះពាល់ដល់ស្ថេរភាពសេដ្ឋកិច្ចធ្ងន់ធ្ងរ ៣. ជាករណីពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ៤.មានអ្នកមានអំណាចនៅពីក្រោយរឿងក្តី ៥. មានអ្នកធ្វើការធំ និង ប៉ូលិសមានស័ក្តិមានអំណាចនៅពីក្រោយ»។
យ៉ាងណាមិញ ជុំវិញលក្ខខណ្ឌទាំង ៥ នេះ ជាហេតុផលដែលធ្វើឱ្យខាងក្រុមអ្នកស៊ើបអង្កេតពិសេសចូលលូកដៃចំពោះរឿងក្តីការស្លាប់យ៉ាងអាថ៌កំបាំងរបស់តារាស្រី Tangmo។ ចំណែកមហាជន ក៏សង្ឃឹមថា ក្រុមអ្នកស៊ើបអង្កេតពិសេសនឹងមិនធ្វើឱ្យមហាជនខកចិត្តផងដែរ៕
ប្រភព៖ daradaily