Will Smith ចេញមុខសុំទោស Chris ជាសាធារណៈ ក្រោយឡើងទះកំផ្លៀងលើឆាកពានរង្វាន់អូស្កា
នៅទីបំផុត តារាសម្ដែង Will Smith បានចេញលិខិតសុំទោសផ្លូវការជាសាធារណៈហើយ ក្រោយកើតមានហិង្សាទះកំផ្លៀងទៅលើតារាកំប្លែង Chris Rock លើឆាកពានរង្វាន់អូស្កា រហូតបង្កភាពភ្ញាក់ផ្អើលពាសពេញពិភពលោក។
ម្ចាស់ពានរង្វាន់អូស្ការូបនេះ បានធ្វើការបង្ហោះសារលិខិតសុំទោសលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោក បង្ហាញពីការទទួលស្គាល់កំហុស និង សុំទោសដល់ Chris Rock រួមទាំងក្រុមការងារកម្មវិធីផងដែរ ចំពោះទង្វើដ៏មិនសមគួរមួយនោះ។
ក្នុងសារសុំទោសដ៏វែងអន្លាយ Will Smith បានរៀបរាប់ថា ៖ «អំពើហិង្សានៅគ្រប់ទម្រង់ គឺវាគ្រោះថ្នាក់ និង គួរឱ្យអាប់ឱនជាទីបំផុត។ ទង្វើរបស់ខ្ញុំកាលពីយប់មិញនៅកម្មវិធីពានរង្វាន់ Academy Awards គឺជាទង្វើមួយដែលមិនអាចទទួលយកបាន និង មិនសមនឹងលើកលែងទោសសោះឡើយ។ ការនិយាយលេងសើចតែលើរូបខ្ញុំ គឺជាផ្នែកមួយនៃការងារតម្រូវ ប៉ុន្តែការលេងសើចលើស្ថានភាពសុខភាពរបស់ Jada គឺវាខ្លាំងក្លាណាស់សម្រាប់ខ្ញុំក្នុងការអត់ទ្រាំ រហូតត្រូវប្រតិកម្មដោយទង្វើតាមអារម្មណ៍បែបនេះ។ ខ្ញុំសុំធ្វើការសុំទោសជាសាធារណៈចំពោះ Chris។ ខ្ញុំពិតជាធ្វើលើសមែន ហើយខ្ញុំក៏ទទួលស្គាល់កំហុសនេះដែរ។ ខ្ញុំពិតជាខ្មាសអៀនណាស់ ហើយទង្វើរបស់ខ្ញុំគឺមិនបង្ហាញពីភាពជាមនុស្សប្រុសដែលខ្ញុំចង់ធ្វើនោះឡើយ។ លើលោកនេះ គ្មានក្ដីស្រឡាញ់ និង សេចក្ដីល្អណា ដែលត្រូវយកហិង្សាមកបញ្ជាក់នោះឡើយ»។
គួររំឭកថា កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ មានការភ្ញាក់ផ្អើលជាខ្លាំងតាមបណ្ដាញសង្គម និង បណ្ដាសារព័ត៌មានពិភពលោក ក្រោយតារាសម្ដែង Will Smith បានផ្ទុះការខឹងសម្បារ និង ដើរឡើងទៅលើឆាក ដាល់មុខតារាកំប្លែង Chirs Rock មួយទំហឹង ក្រោយតារាកំប្លែងរូបនោះ ធ្វើការនិយាយលេបខាយលេងសើចពីភរិយាលោក Jada Pinkett Smith។
គួរឱ្យដឹងថា កាលពីមុន តារាសម្ដែង Pinkett Smith ធ្លាប់បានទម្លាយពីបទពិសោធរបស់នាងដែលជួបប្រទះការជ្រុះសក់ខ្លាំង រហូតធ្វើឱ្យនាងត្រូវកោរសក់ចេញ។ ដូច្នេះហើយ ការនិយាយលេងសើចនឹងស្ថានភាពសុខភាពភរិយាលោកពីសំណាក់តារាកំប្លែងរូបនោះ គឺពិតជាធ្វើឱ្យ Will Smith ខឹងជាខ្លាំងរហូតទប់អារម្មណ៍មិនបាន ឡើងទៅទះកំផ្លៀង Chris Rock ដល់លើឆាកបែបនេះ៕