ជាកំពូលតារាលំដាប់ មានទ្រព្យស្តុក Poh ធ្វើខួបកំណើតឱ្យកូនប្រុសបែបសាមញ្ញៗ តែពេញដោយក្តីស្រឡាញ់
អស់រយៈពេលជាង ៩ ឆ្នាំទៅហើយ ដែលតារាប្រុស Poh Natthawut បានចាប់ដៃគ្នាសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយនឹងភរិយា គឺនាង Aey Phornthip។ ក្នុងការចងភ្ជាប់នូវចំណងគ្រួសារដ៏រឹងមាំនេះ លោក និង ភរិយាក៏ទទួលបានកូនប្រុសដ៏ស្រស់ស្អាត ២ នាក់ ជាចំណងដៃផងដែរ។
លោក Poh Natthawut និង នាង Aey Phornthip អាចនិយាយបានថាជាគ្រួសារមួយដែលពោរពេញទៅដោយក្ដីសុខសុភមង្គល និង ជាគ្រួសារតារាសម្ដែងជួរមុខមានលុយ ព្រមទាំងទ្រព្យចាយមិនចេះខ្វះ។ ជារឿយៗគ្រួសារប្ដីប្រពន្ធមួយគូនេះតែងបង្ហាញភាពផ្អែមល្ហែមចំពោះគ្នាលើបណ្ដាញសង្គមមិនសូវជាដាច់ឡើយ។
ក្នុងនោះដែរ មហាជនគ្រប់គ្នាតែងលាន់មាត់សរសើរមិនដាច់ពីមាត់អំពីក្ដីសុខរបស់ពួកគេ ជាពិសេសតារាប្រុស Poh និង Aey មានកូនប្រុស ២ នាក់ទៀតសុទ្ធតែឆ្លាត និង គួរឱ្យស្រឡាញ់ ដែលនាំឱ្យគ្រួសារមួយនេះកាន់តែមានភាពអ៊ូអរ និង សំណើចក្អាកក្អាយរហូត។
ថ្វីដ្បិតជាតារាសម្ដែងល្បីសុសសាយទាំងក្នុង និង ក្រៅប្រទេសក៏ដោយ តែលោក Poh ហាក់ចាយជីវិតសាមញ្ញៗធម្មតា។ តួយ៉ាងសូម្បីតែកម្មវិធីខួបកំណើតកូនប្រុសច្បងគម្រប់អាយុ ៩ ឆ្នាំ អូន Phudis កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ក៏តារាប្រុស Poh រៀបចំសាមញ្ញៗជាលក្ខណៈគ្រួសារដែរ។
ការរៀបចំដើម្បីអបអរសាទរកូនប្រុសអាយុ ៩ ឆ្នាំ Poh មិនបានទិញកាដូអ្វីច្រើន និង មានតម្លៃធំដុំឡើយ ក្រៅពីនាំកូន-ប្រពន្ធទិញត្រីទៅលែងក្នុងស្រះដើម្បីធ្វើបុណ្យ និង ទិញនំខេកសូកូឡាមួយ ច្រៀងអបអរកូនតែប៉ុណ្ណោះ។ ជាមួយគ្នានោះ ទោះបីជាមិនបានរៀបចំកម្មវិធីអធិអធម តែមើលទៅគ្រួសារតារាប្រុសរូបនេះពិតជាមានសុភមង្គលខ្លាំងណាស់ ហើយមហាជនក៏លាន់សរសើរ ព្រមទាំងផ្ញើសារជូនពរកូនប្រុសលោក អូន Phudis គ្រប់ៗគ្នា៕