ធ្លាយរឿងអតីតប្តី Angela Baby ដកភាគហ៊ុនចេញគ្មានសល់ពីក្រុមហ៊ុនភរិយា
កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២២ បើតាមការចុះផ្សាយរបស់ Sohu បានឱ្យដឹងថា Huang Xiaoming ត្រូវបានគេប្រទះឃើញចេញពីមជ្ឈមណ្ឌលវិនិយោគភាគហ៊ុនរួម ដែលនោះគឺជាសាខារបស់ AB Capital ដែលជាក្រុមហ៊ុនបង្កើតឡើងដោយ Angela Baby តាំងពីឆ្នាំ ២០១៥។
ប្រភពដដែលបានបន្តថា អត្រាវិនិយោគរបស់ Huang Xiaoming គឺមានចំនួន ៦០%។ ការដកដើមទុនរបស់តារាសម្ដែងប្រុសរូបនេះ ចេញពីក្រុមហ៊ុនរបស់អតីតភរិយារបស់លោក ត្រូវបានគេមើលឃើញថាមានការផ្លាស់ប្តូរសម្ព័ន្ធភាគហ៊ុន និង កែសម្រួលសកម្មភាពអាជីវកម្ម។
គួរបញ្ជាក់ផងដែរថា មុនពេលព័ត៌មានលែងលះរបស់អ្នកទាំងពីរបានផ្សាយចេញជាសាធារណៈ ពួកគេបានចំណាយពេល ១ឆ្នាំ ដើម្បីដោះស្រាយបញ្ហាអចលនទ្រព្យ។ ដូច្នេះ អ្នកទាំងពីរមិនមានជម្លោះ ឬរងការខាតបង់ទ្រព្យសម្បត្តិដាច់ដោយឡែកពីគ្នានោះទេ។
Angela Baby និង Huang Xiaoming អ្នកទាំងពីរបានប្រកាសលែងលះគ្នា នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២។ តាមពិត គូស្នេហ៍មួយគូនេះបានបែកបាក់គ្នាតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ។ ប៉ុន្តែពួកគេ ទើបបានប្តឹងលែងលះគ្នាស្ងាត់ៗនៅឆ្នាំ ២០២១។
ដោយមានការព្រមព្រៀងលក្ខខណ្ឌចំនួន ៣ គឺ មិនធ្វើឱ្យប៉ះពាល់ដល់កូនប្រុស, មិនឈ្លោះគ្នាចែកទ្រព្យសម្បត្តិ, មិនឈ្លោះដណ្តើមគ្នារឿងចិញ្ចឹមកូន និង មិនប្រមាថគ្នានៅលើបណ្តាញសង្គម៕