មកដល់ថៃហើយ! ថៃប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ ប្រភេទថ្មី XE លើកដំបូង មុនចូលឆ្នាំតែ ១ អាទិត្យ
មកទល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២២ នេះ ប្រទេសថៃ ហាក់នៅតែជួបហានីភ័យយ៉ាងខ្លាំងពីជំងឺកូវីដ-១៩។ បើទោះបីជារដ្ឋាភិបាលថៃបានចាត់វិធានការយ៉ាងតឹងរឹង ឬ បានចាក់វ៉ាក់សាំងមួយចំនួនធំហើយក៏ដោយ ក៏នៅតែរកឃើញអ្នកឆ្លងពីមួយថ្ងៃទៅមួយថ្ងៃរាប់ម៉ឺននាក់ និង ចំនួនអ្នកស្លាប់នៅតែស្លាប់បន្តកន្ទុយគ្នារហូត។
ជាក់ស្តែង នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២២ នេះដដែល នាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តរបស់ថៃបានប្រកាសរកឃើញកូវីដ-១៩ បំប្លែងខ្លួនថ្មីមួយទៀតនៅលើមនុស្សម្នាក់។ បើតាមការឱ្យបញ្ជាក់បន្ថែមពីនាយកដ្ឋានវិទ្យាសាស្រ្តវេជ្ជសាស្រ្តដដែល បានឱ្យដឹងថា កូវីដ-១៩ បំប្លែងថ្មីនេះមានឈ្មោះថា XE មានពាក្យពេញថា «Hybrid» ដែលកើតចេញពីការបំបែកខ្លួនរបស់កូវីដអូមីក្រុង BA.1 និង BA.2។
ក្រោយប្រកាសរកឃើញកូវីដ-១៩ ប្រភេទថ្មីនេះមក ពេលនេះខាងក្រសួងសុខាភិបាលថៃបានចេញប្រកាសឱ្យប្រជាជនថៃទាំងអស់មានការប្រុងប្រយ័ត្ន ព្រោះកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មីមួយនេះ ព្រោះវាមានការឆ្លងរាលដាលលឿនហួសពីការគិត និង ការរំពឹងទុកផងដែរ៕
ប្រភព៖ Thairath