មនុស្សប្រុស-ស្រី កើតឆ្នាំម្សាញ់ ឆ្នាំថ្មីនេះទំនាយថា នឹងមានជោកល្អច្រើនជាងគ្រោះ តែកុំរំពឹងខ្លាំង
ទេវតាឆ្នាំថ្មី បុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង កិរិណីទេវី នឹងយាងចុះមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោកឆ្នាំថ្មី នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក ខាងមុខនេះ។
ក្នុងនោះ បើតាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពី ជោគជតារាសីប្រចាំ ឆ្នាំខាលនេះ សម្រាប់លោកអ្នកកើតឆ្នាំម្សាញ់ ដូចខាងក្រោម ៖
– បើជាមនុស្សប្រុស ឆ្នាំម្សាញ់ ទំនាយថា ៖
ឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង។ ក្នុងឆ្នាំនេះ ជោគរាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេចផលយ៉ាងមែនពិត ប៉ុន្តែថាអ្នកកុំផ្តេកផ្ដួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត។ នៅក្នុងបន្ទុកក្រុមគ្រួសារមាន សេចក្តីសុខយ៉ាងក្រៃលែង។
– បើជាមនុស្សស្រី ឆ្នាំម្សាញ់ ទំនាយថា ៖
ក្នុងឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្កីជាទីស្រឡាញ់ ឬ ញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះ អ្នកត្រូវខូចខាត ផលប្រយោជន៍ខ្លះទៀតផង។ តាមការពិត អ្នកមិនត្រូវរងទុក្ខក្ដៅណាស់ណាទេ មានគេជួយឈឺឆ្អាលឱ្យអ្នកបានសាន្តសុខ បើទុកជាមានឧបសគ្គក្នុងការងារអ្នកខ្លះ ក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះ មានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ។ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែងជួសជុលឬធ្វើថ្មី តែមិនជាការសំខាន់ទេ៕