ចែកគ្នាដឹង! ឆ្នាំថ្មីនេះ អ្នកកើតឆ្នាំមមី ទំនាយថា បើរៀបមង្គលការគឺល្អ តែត្រូវប្រយ័ត្នរឿងទាំងនេះ
ទេវតាឆ្នាំថ្មី បុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង កិរិណីទេវី នឹងយាងចុះមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោកឆ្នាំថ្មី នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក ខាងមុខនេះ។
ក្នុងនោះ បើតាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពី ជោគជតារាសីប្រចាំ ឆ្នាំខាលនេះ សម្រាប់លោកអ្នកកើតឆ្នាំមមី ដូចខាងក្រោម ៖
– បើជាមនុស្សប្រុស ឆ្នាំមមី ទំនាយថា ៖
ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្យា ចំពោះលទ្ធផលរបស់អ្នកជានិច្ច។ នៅក្នុងរឿងនេះ អ្នកកុំខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង តែចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ ណាមួយបញ្ចុះបញ្ចូលបញ្ចោរលើកជើងអ្នក ឱ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះគ្រេចឆ្អឹងខ្នង។
– បើជាមនុស្សស្រី ឆ្នាំមមី ទំនាយថា ៖
ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្តាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទុស្តសារាយយ៉ាងដូចម្ដេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការហើយនឹងបាន ទទួលការលើកតម្កើងពីមនុស្សទូទៅ។ បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធ នឹងផ្តល់សេចក្តីរំខាន ដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួន៕