ប្រាសាទបន្ទាយសំរ៉ែ នៅតែធ្វើឱ្យគេឆ្ងល់ ?
មានអ្នកស្រាវជ្រាវជាច្រើនបានស្រាវជ្រាវស្វែងយល់អំពីឈ្មោះនៃប្រាសាទ បន្ទាយសំរ៉ែ នេះប៉ុន្តែ គ្មាននរណាម្នាក់អាចដឹងច្បាស់អំពីហេតុផលដែលថា ហេតុអ្វីបានជាប្រាសាទនេះទទួលបានឈ្មោះដូចបច្ចុប្បន្ននោះទេ ? ។
សំរ៉ែសំដៅទៅលើក្រុមជនជាតិដើមភាគតិច នៃអ្នកដែលបានរស់នៅ ឬតាំងមូលដ្ឋាននៅភ្នំគូលែន។ បើយោងទៅតាមអត្ថន័យនេះ អ្នកស្រាវជ្រាវខ្លះសន្មតថា ប្រហែលជាមានក្រុមមនុស្សជនជាតិសំរ៉ែនេះ រស់នៅក្នុងតំបន់សាងសង់ប្រាសាទ ទើបពួកគេដាក់ឈ្មោះសម្គាល់ប្រាសាទនេះ ដើម្បីឧទ្ទិសដល់ជន ជាតិភាគតិចនេះ ។ មួយវិញទៀតគឺ តាមអត្ថបទរបស់អ្នកស្រីកែវច័ន្ទបូរណ៍ ដែលគាត់បានសរសេរលើ គេហទំព័ររបស់ខ្លួនមានអត្ថន័យដូចតទៅ ៖ ឈ្មោះបន្ទាយសំរ៉ែនេះគឺទាក់ទង និង ប្រវត្តិ ពិតដែលថានៅ ម្តុំភូមិ ប្រដាក ដែលកាលដើមឡើយ គឺមានជនជាតិសម្រែរស់នៅពិតមែន ហើយសព្វថ្ងៃគេសង្ស័យថា ប្រជាជននៅប្រដាកនេះ មានជីដូនជីតា ជាជនជាតិសំរ៉ែ ដែលគេយកមកឲ្យយាមប្រាសាទ ។ ជាពិសេស ពួកសំរ៉ែនៅភ្នំក្រវាញបាននិយាយថា មានបងប្អូននៅអង្គរ ហើយប្រហែលជាមានអ្វីមួយនៅ បន្ទាយសំរ៉ែនេះ ។ ដូច្នេះ ឈ្មោះនៃប្រាសាទសំរ៉ែនេះ គឺទាក់ទង់នឹងប្រវត្តិសាស្ត្រ ពិត ដែលទាក់ទង់ទៅ និងរឿងព្រេង និងទាក់ទង់និងទីតាំងរូបរាងរបស់ប្រាសាទនេះ ។ ឬក៏ថា មានមន្ត្រីជាន់ខ្ពស់នៃព្រះបាទ សូរ្យវរ្ម័នទី២ ដែលទទួលខុសត្រូវក្នុងការកសាងប្រាសាទនេះ ជាជនជាតិសំរ៉ែ ។ ដូច្នេះទើបព្រះមហាក្សត្របានប្រទានឈ្មោះប្រាសាទនេះ ដើម្បីបង្ហាញពីការដឹងគុណរបស់ទ្រង់ ចំពោះ ជនជាតិនេះ ប៉ុន្តែទោះជាយ៉ាងណា ក៏ពុំទាន់មានហេតុផលណាដែលច្បាស់លាស់នោះទេ ។
ប្រាសាទ បន្ទាយសំរ៉ែ ស្ថិតនៅក្នុងតំបន់អង្គរនៃខេត្តសៀមរាប វាជាប្រាសាទមួយដែល បានស្ដារឡើងវិញ ដោយបានយកលំនាំតាមរចនាប័ទ្មរបស់ប្រាសាទអង្គរវត្ត ។
ប្រាសាទបន្ទាយសំរ៉ែស្ថិតនៅ ចម្ងាយប្រហែល ២ គីឡូម៉ែត្រពីភូមិប្រដាក នៅខាងត្បូងផ្លូវពីប្រដាកទៅ ភ្នំបូក ។ មិនមានសិលាចារឹកថ្មណា ដែលត្រូវបានគេរកឃើញអំពីប្រាសាទនេះនៅឡើយទេ ។ បើយោងទៅតាមការតុបតែងនិងរចនាប័ទ្មសិល្បៈរបស់ខ្លួនការសាងសង់ប្រាសាទ បន្ទាយសំរ៉ែ គឺ ប្រហែលជានៅចុងនៃសតវត្សទី 11 ក្នុងអំឡុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២(១១១៣-១១៥០ ហើយបាន បញ្ចប់នៅក្នុងរជ្ជកាលនៃស្តេចយសោវរ្ម័នទី២(១១៥០-១១៦៥) ផងដែរ ។ មានប្រាសាទមួយចំនួនផ្សេងទៀតនៅក្នុងតំបន់អង្គរ ដែលបានកសាងឡើង នៅក្នុងរយៈពេលដូចគ្នា ផងដែរ ដែលមានដូចជា ប្រាសាទចៅសាយទេវតា, បឹងមាលា, ធម្មនន្ទ , មិនតែប៉ុណ្ណោះមាន ប្រាសាទ ពីរបន្ថែមទៀតដែលស្ថិតនៅក្នុងប្រទេសថៃបច្ចុប្បន្ន ក៏បានកសាងក្នុងអំឡុងពេលដូចគ្នាដែរគឺ ប្រាសាទភីម៉ៃ និង ភ្នំរ៉ុង ដែលមានភាពស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងប្រាសាទបន្ទាយសម្រែនេះតែម្តង។ ដូចគ្នាទៅនឹងប្រាសាទអង្គរវត្តដែរប្រាសាទបន្ទាយស្រី និងបន្ទាយសំរ៉ែ សុទ្ធតែកសាងឡើង ដើម្បីឧទិ្ទសដល់ព្រហ្មញ្ញសាសនានិកាយព្រះនរាយណ៍ ៕ ដេវីត