ចូលឆ្នាំថ្មី ឆ្នាំខាល! មនុស្សប្រុស-ស្រី កើតឆ្នាំវក មានទំនាយមិនសូវល្អទេ ត្រូវប្រយ័ត្នរឿងរ៉ាវទាំងនេះ
ទេវធីតាឆ្នាំថ្មី ព្រះនាង ករិណីទេវី បុត្រីទី ៥ នៃកបិលមហាព្រហ្ម ទ្រង់បានយាងមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោក កាលពីថ្ងៃ ១៤ មេសា គ្រិស្តសករាជ ២០២២ កន្លងទៅ ដែលទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនូវព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយសណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់កង្វេរ ព្រះហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នងដំរី (គជសារ) ជាយានពាហនៈ។
ក្នុងនោះ បើតាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីជោគជតារាសីប្រចាំឆ្នាំខាលនេះ សម្រាប់លោកអ្នកកើតឆ្នាំវក ដូចខាងក្រោម ៖
– បើជាមនុស្សប្រុស ឆ្នាំវក ទំនាយថា ៖
ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នក បានផលសម្រេចបំណងមែនពិត ប្រកបទៅដោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះទៅ នឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទីអ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្ម និង អគ្គិភ័យបំផ្លាញ។ បើសិនជាមានជំងឺ ច្រើនតែផ្តាសាយ។
– បើជាមនុស្សស្រី ឆ្នាំវក ទំនាយថា ៖
ក្នុងឆ្នាំនេះ អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬ ត្រូវមានធុរៈ ជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង។ បើអ្នកចង់ធ្វើអ្វីត្រូវ ពិចារណាមុខក្រោយឱ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរងនូវអំពើ សង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសំឡេងជាថ្លុកកំប្លែងលេង ជាមួយគេញយៗពេក។ ចូរខំបំពេញខ្លួនឱ្យគេឃើញថា យើងជាមនុស្សមានរបៀប និង សុភាព រៀបរយ ចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នក នឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឱ្យបានទ្រព្យនឹងបានស្ដុកស្ដម្ភ៕